ខេត្តប៉ៃលិន៖ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អណត្តិទី២ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវធ្វើត្រៀមលក្ខណៈជាមុនស្រេចក្នុងការរក្សាប្រភពទឹកទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសទឹកនៅតាមបឹងបួរ ព្រែក អូរ ប្រឡាយ ស្រះ ត្រពាំង ឱ្យបានល្អសម្រាប់ទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងស្រោចស្រពដំណាំកសិកម្មផ្សេងៗ ដើម្បីទប់ទល់នឹងហានិភ័យកំណើនកំដៅនាពេលខាងមុខ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ តាមការព្យាករណ៍របស់អ្នកជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ឆ្នាំនេះធាតុអាកាសក្តៅ ដែលនឹងហក់ឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ ដូចនេះអាចមានការប្រឈមទៅនឹងការខ្វះខាតទឹកសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ជាពិសេសកសិករដែលការធ្វើការដាំដុះដំណាំស្រូវ គឺនឹងមានការប៉ះពាល់ខ្លាំងដោយពុំមានទឹកស្រោចស្រពដំណាំ និងរងការខាតបង់ថែមទៀត ដូច្នេះការងារបង្កបង្កើនស្រូវរដូវប្រាំងមិនត្រូវធ្វើឡើយចាប់ពីពេលនេះតទៅ ដោយត្រូវរក្សាទឹកទាំងនោះ ទុករក្សាប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងដំណាំរួមផ្សំក្រៅពីដំណាំស្រូវ។ ឯកឧត្តម ឡី ចាន់ឆាយ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ចាប់ពីពេលនេះទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់មូលដ្ឋាន និងមន្ទីរជំនាញ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ និងអប់រំណែនាំឱ្យកសិករទាំងអស់ ដែលកំពុងតែផលិតនូវដំណាំកសិកម្មគ្រប់ប្រភេទ ពិសេសដំណាំស្រូវត្រូវធ្វើម្តងបានហើយ ដើម្បីចៀសវាងការខាតបង់ដោយខ្វះទឹកស្រោចស្រពនៅពេលខាងមុខនេះ ព្រមទាំង ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការស្តារអណ្តូងជាប្រភពទឹកប្រើប្រាស់ និងស្រះត្រពាំងរបស់ខ្លួន ឱ្យបានល្អសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ៕
សូមរំលឹកថា៖ កាលពីកំឡុងខែមេសាឆ្នាំ ២០១៦ កន្លងទៅ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានទទួលរងគ្រោះរាំងស្ងួត រហូតដល់ខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៍បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត និង អាជ្ញាធរគ្រាប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសប្បរសជន ត្រូវរួមគ្នាជួយដោះស្រាយការលំបាក និងផ្តល់រថយន្តកងដឹកជញ្ជូនកងពលតូចលេខ៩៩ របស់ក្រសួងការពារជាតិ ចំនួន៣គ្រឿង ដើម្បីធ្វើការដឹកជញ្ជូនទឹកស្អាតិចែកជូនអោយប្រជាពលរដ្ឋបានប្រើប្រាស់ទាន់ពេលវេលា។