ឯកឧត្តម ឡី ចាន់ឆាយ បានណែនាំ និងអំពាវនាវដល់​អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ត្រូវធ្វើត្រៀមលក្ខណៈជាមុនស្រេចក្នុងការ​រក្សា​ប្រភព​ទឹកទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ


ខេត្តប៉ៃលិន៖ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អណត្តិទី២ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ​បានណែនាំ និងអំពាវនាវដល់​អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវធ្វើត្រៀមលក្ខណៈជាមុនស្រេចក្នុងការ​រក្សា​ប្រភព​ទឹកទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសទឹកនៅតាមបឹងបួរ ព្រែក អូរ ​ប្រឡាយ ស្រះ ត្រពាំង ឱ្យ​បាន​ល្អ​សម្រាប់​ទុក​ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេង​ៗ ដើម្បីទប់ទល់នឹងហានិភ័យកំណើនកំដៅនាពេលខាងមុខ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឆ្នាំ​នេះ​ធាតុអាកាស​ក្តៅ​ ដែលនឹង​ហក់​ឡើង​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដូចនេះ​អាចមានការ​ប្រឈម​ទៅ​នឹងការខ្វះខាតទឹកសម្រាប់ការរស់នៅ​ប្រចាំថ្ងៃរបស់​បងប្អូន ជាពិសេសកសិករដែលការធ្វើការដាំដុះដំណាំស្រូវ គឺនឹង​មានការ​ប៉ះពាល់ខ្លាំងដោយពុំ​មានទឹក​ស្រោចស្រព​ដំណាំ និងរងការខាតបង់ថែមទៀត ដូច្នេះការងារបង្កបង្កើន​ស្រូវរដូវ​ប្រាំងមិនត្រូវធ្វើឡើយចាប់ពីពេលនេះតទៅ ដោយត្រូវរក្សាទឹកទាំងនោះ ទុករក្សាប្រើប្រាស់​ប្រចាំថ្ងៃ ព្រមទាំងដំណាំរួមផ្សំក្រៅពីដំណាំស្រូវ។ ឯកឧត្តម ឡី ចាន់ឆាយ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ចាប់ពី​ពេល​នេះ​ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់មូលដ្ឋាន និង​មន្ទីរ​ជំនាញ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​អប់រំណែនាំ​ឱ្យកសិករ​ទាំងអស់ ​ដែល​កំពុង​តែ​ផលិត​នូវដំណាំ​កសិកម្មគ្រប់ប្រភេទ ​ពិសេស​ដំណាំស្រូវត្រូវធ្វើម្តងបានហើយ ដើម្បីចៀសវាងការខាតបង់ដោយខ្វះទឹកស្រោចស្រពនៅ​ពេល​ខាង​មុខ​នេះ ព្រមទាំង ធ្វើការផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋក្នុងការស្តារអណ្តូងជាប្រភពទឹកប្រើប្រាស់ និងស្រះត្រពាំងរបស់ខ្លួន ឱ្យបានល្អសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ៕
សូមរំលឹកថា៖ កាលពីកំឡុងខែមេសាឆ្នាំ ២០១៦ កន្លងទៅ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានទទួលរងគ្រោះរាំងស្ងួត រហូតដល់ខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៍បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត និង អាជ្ញាធរគ្រាប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសប្បរសជន ត្រូវរួមគ្នាជួយដោះស្រាយការលំបាក និងផ្តល់រថយន្តកងដឹកជញ្ជូនកងពលតូចលេខ៩៩ របស់ក្រសួងការពារជាតិ ចំនួន៣គ្រឿង ដើម្បីធ្វើការដឹកជញ្ជូនទឹកស្អាតិចែកជូនអោយប្រជាពលរដ្ឋបានប្រើប្រាស់ទាន់ពេលវេលា។