អភិបាលខេត្តព្រះវិហារ ដាក់ចេញនូវវិធានការ៥ ចំណុចក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងក្រុមហ៊ុនមេត្រីភាព ជាមួយប្រជាពលរដ្ឋ


នៅព្រឹកថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីរបស់ ក្រុមហ៊ុនមេត្រីភាពកសិ-ឧស្សាហកម្ម ដែលត្រូវបានប្រជាពលរដ្ឋទន្រ្ទានកាន់កាប់ ដោយមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្កការអាដហុកជាដើម។

ឯកឧត្តមអភិបាលខេត្ត បានណែនាំនូវគន្លឹះមួយចំនួន ដូចជា៖

១\រដ្ឋបាលខេត្ត នឹងបង្កើតនូវក្រុមកាងារដោះ ស្រាយទំនាស់ដីធ្លីរវាងក្រុមហ៊ុនមេត្រីភាព កសិ -ឧស្សាហកម្ម ជាមួយប្រជាពលរដ្ឋនៅតំបន់នោះ

២\ក្រុមការងារចុះបញ្ជីដី ត្រូវចុះសិក្សាជាបន្ទាន់ក្នុងការ កំណត់ព្រមទាំងការបោះបង្គោល ព្រំដីនិងធ្វើ អត្តសញ្ញាណកម្មប្រជាពលរដ្ឋនៅទីនោះឲ្យបានច្បាស់លាស់។

៣\ក្រុមហ៊ុន ត្រូវតែបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្ត ស្រុក ជាពិសេសក្រុមការងារដោះស្រាយទំនាស់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលនឹងចុះទៅដល់ទីតាំងជាក់ស្តែងឆាប់ៗនេះ ។

៤\ស្នើសុំឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវណែនាំឲ្យ ប្រជាពលរដ្ឋដែលបានរំលោភកាន់កាប់ទាំងអស់ ត្រូវរក្សាទុកនូវស្ថានភាពដើម ជៀសវាងការធ្វើសកម្មភាពរុករាន និងសកម្មភាពផ្សេងៗ ដែលជាឧបសគ្គដល់ក្រុមការងារខេត្តចុះដោះស្រាយនាពេលខាងមុខ។

៥\ស្នើសុំឲ្យសាលដំបូងខេត្តបញ្ឈប់ការចេញដីការចាប់ខ្លួនចំពោះប្រជាពលរដ្ឋផ្សេងទៀតដែលទន្រ្ទានដីខុសច្បាប់លើដីក្រុមហ៊ុន រងចាំក្រុមការងារខេត្តចុះដោះស្រាយជាមុនសិន។

គួរបញ្ជាក់ថា ក្រុមហ៊ុនមេត្រីភាពកសិ-ឧស្សាហកម្ម ទទួលបានអនុក្រឹត្យលេខ៩២ អនក្រ បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ លើវិនិយោគអភិវឌ្ឍលើវិស័យដាំដំណាំកៅស៊ូ ដំណាំកសិឧស្សាហកម្ម និងចិញ្ចឹមសត្វ ទំហំ៨,៥២០ ហិកតា ដែលគ្របដណ្តប់លើ.ស្រុកជាំក្សាន្ត និងស្រុកគូលែន នឹងត្រូវបានប្រជាពលរដ្ឋ ចូលកាន់កាប់ប្រមាណ៥៥៩គ្រួសារ ក្នុងនោះគ្រួសារចំនូលស្រុកពីតាមបណ្តាខេត្តផ្សេងៗសរុប៣៣៩គ្រួសារ ៕