ក្រុមការងារចម្រុះកំពុងបន្តចុះកាត់ខ្សែអាកាសតាមដងផ្លូវ ៥ខ្សែបន្តទៀត​ ក្នុងក្រុងសៀមរាប


ចាប់ពីខែសីហា ឆ្នាំ២០១៨កន្លងមក ក្រុមការងារចម្រុះ ដឹកនាំដោយ រដ្ឋបាលខេត្តសៀមរាប បានចុះអនុវត្តគម្រោងកាត់ខ្សែអាកាស​ និងបង្កប់ក្រោមដីនៅតាមបង្គោលខ្សែភ្លើង​ដែលមានភាពរញ៉េរញ៉ៃគ្មានរបៀបរៀបរយ លើផ្លូវចំនួន១១ផ្លូវ។​ គិតមក​ដល់​ដើមខែ កុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានកាត់​ទម្លាក់​ខ្សែភ្លើង​ ខ្សែកាបអាកាស​ បង្កប់ក្រោមដីបានចំនួន ៦ផ្លូវ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ជំហានទី១នេះ សរុបប្រវែងមានជាង ២៤គីឡូម៉ែត្រ ក្នុងនោះមាន​ដូចជាផ្លូវ លោកតាណឺយ, តំបន់ជុំវិញផាប់ស្រ្ទីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ, កំណាត់ផ្លូវ ៦០ម៉ែត្រ រហូតដល់កែងផ្លូវហ្សាដឺហ្គោល, កំណាត់ផ្លូវកូម៉ៃ ចាប់ពីចំណុចផ្លូវបំបែក​ អ៩០ រហូតដល់វត្តថ្មី, និងកំណាត់ផ្លូវ ៧មករា ចាប់ពីផ្លូវក្រវ៉ាត់ក្រុង រហូតដល់រង្វង់មូលព្រះរាជដំណាក់ខេត្តសៀមរាប​។

ផ្លូវ៥ខ្សែទៀត ដែលគម្រោង​នឹងចុះអនវុត្តន៍បន្ទាប់ រួមមានៈ ផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់រដ្ឋបាលក្រុង ស្រុកពួក និងស្រុកប្រាសាទបាគង, ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចផ្លូវ​ អ៩០ រហូតដល់រង្វង់មូលនាគបាញ់ទឹក, ផ្លូវផ្សារញ៉ែ ចាប់ពីចំណុចភោជនីយ៍ម្លប់ស្បូវ រហូតដល់ស្ដុបផ្សារញ៉ែ ,ស្ដុបផ្សារកណ្ដាល​, ផ្លូវអមសងខាងស្ទឹងចាប់ពីចំណុចស្ពាននាគ រហូតដល់ស្ពានក្រវ៉ាត់ក្រុង, និងផ្លូវទៅផ្សារក្រោម ចាប់ពីចំណុចរង្វង់មូលនាគបាញ់ទឹក រហូតដល់ផ្លូវក្រវ៉ាត់ក្រុង។