ចាប់ពីខែសីហា ឆ្នាំ២០១៨កន្លងមក ក្រុមការងារចម្រុះ ដឹកនាំដោយ រដ្ឋបាលខេត្តសៀមរាប បានចុះអនុវត្តគម្រោងកាត់ខ្សែអាកាស និងបង្កប់ក្រោមដីនៅតាមបង្គោលខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃគ្មានរបៀបរៀបរយ លើផ្លូវចំនួន១១ផ្លូវ។ គិតមកដល់ដើមខែ កុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាបអាកាស បង្កប់ក្រោមដីបានចំនួន ៦ផ្លូវ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ជំហានទី១នេះ សរុបប្រវែងមានជាង ២៤គីឡូម៉ែត្រ ក្នុងនោះមានដូចជាផ្លូវ លោកតាណឺយ, តំបន់ជុំវិញផាប់ស្រ្ទីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ, កំណាត់ផ្លូវ ៦០ម៉ែត្រ រហូតដល់កែងផ្លូវហ្សាដឺហ្គោល, កំណាត់ផ្លូវកូម៉ៃ ចាប់ពីចំណុចផ្លូវបំបែក អ៩០ រហូតដល់វត្តថ្មី, និងកំណាត់ផ្លូវ ៧មករា ចាប់ពីផ្លូវក្រវ៉ាត់ក្រុង រហូតដល់រង្វង់មូលព្រះរាជដំណាក់ខេត្តសៀមរាប។
ផ្លូវ៥ខ្សែទៀត ដែលគម្រោងនឹងចុះអនវុត្តន៍បន្ទាប់ រួមមានៈ ផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់រដ្ឋបាលក្រុង ស្រុកពួក និងស្រុកប្រាសាទបាគង, ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចផ្លូវ អ៩០ រហូតដល់រង្វង់មូលនាគបាញ់ទឹក, ផ្លូវផ្សារញ៉ែ ចាប់ពីចំណុចភោជនីយ៍ម្លប់ស្បូវ រហូតដល់ស្ដុបផ្សារញ៉ែ ,ស្ដុបផ្សារកណ្ដាល, ផ្លូវអមសងខាងស្ទឹងចាប់ពីចំណុចស្ពាននាគ រហូតដល់ស្ពានក្រវ៉ាត់ក្រុង, និងផ្លូវទៅផ្សារក្រោម ចាប់ពីចំណុចរង្វង់មូលនាគបាញ់ទឹក រហូតដល់ផ្លូវក្រវ៉ាត់ក្រុង។