រាជធានីភ្នំពេញ ៖ ទិវាជាតិអំណាន ១១ មីនា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ។ សម្រាប់ឆ្នាំនេះទិវាជាតិអំណាន ២០១៩ ក្រោមប្រធានបទ “ការអានបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិត” នឹងប្រារព្ធឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះមានការប្រកួតប្រជែងជយលាភីផ្នែកអានអត្ថបទ ផ្នែកស្មូតកំណាព្យ និងផ្នែកតែងនិពន្ធលើប្រធានបទ”បង្ហាញតថភាពសង្គមតាមរយៈស្នាដៃអក្សរសិល្ប៍ រឿងកុលាបប៉ៃលិន និងរឿងផ្កាស្រពោន”។ ជាពិសេសមានការស្តង់ពិព័រណ៍សៀវភៅសម្រាប់ជាវ និងចែកឥតគិតថ្លៃផងដែរ។
នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំដោយផ្ទាល់នូវកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការវិវឌ្ឍន៍នៃការរៀបចំទិវាជាតិអំណាន ១១ មីនា ២០១៩ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពជោគជ័យ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា៕