ឯកឧត្តម លឹម គានហោ បានអនុញ្ញាតឲ្យលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) និងសហការី ចូលជួបសំដែងការគួរសម


នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) និងសហការី ចូលជួបសំដែងការគួរសម និងទទួលនូវអនុសាសន៍ដើម្បីពង្រឹងប្រសិទ្ធភាពលើការដឹកនាំ និងគ្រប់គ្រង MRCS ។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកបណ្ឌិត អាន ពេជ្រហត្ថដា ដែលត្រូវបានជ្រើសរើសតែងតាំងជានាយកប្រតិបត្តិ MRCS សម្រាប់១អណត្តិ រយៈពេលបីឆ្នាំ (២០១៩- ២០២១) ដែលនេះ ក៏ជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិ MRCS បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យរូបលោកបានចូលជួបសំដែងការគួរសមនាពេលនេះ ដើម្បីធ្វើការណែនាំខ្លួន និងទទួលនូវអនុសាសន៍ដើម្បីធ្វើឲ្យការដឹកនាំ និងការគ្រប់គ្រង MRCS មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

បន្ទាប់ពីបានស្តាប់នូវការជម្រាបជូនអំពីផែនការការងារសំខាន់ៗដែលត្រូវអនុវត្តចំពោះមុខ ដោយលោកនាយកប្រតិបត្តិ MRCS រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ ក្នុងបរិបទនៃតម្រូវការទឹក ស្បៀង និងថាមពល ដែលកំពុងតែមានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ដូចជាបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ដែលបញ្ហាទាំងអស់នេះ ត្រូវរួមគ្នាគិតគូរដោះស្រាយដោយឈរលើស្មារតីសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងចំណោមប្រទេសជាសមាជិក និងក្នុងភាពជាដៃគូប្រកបដោយកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរលោកនាយកប្រតិបត្តិ ឲ្យទទួលបានជោគជ័យសម្រាប់មុខដំណែងថ្មីនេះ និងបានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនដូចខាងក្រោម ដែលនាយកប្រតិបត្តិ ត្រូវយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំ និងការគ្រប់គ្រង MRCS ដែលជាសេនាធិការលើផ្នែករដ្ឋបាល និងបច្ចេកទេសក្នុងកិច្ចសហប្រតិបត្តិការតំបន់ក្នុងក្របខ័ណ្ឌ MRC ៖
– ត្រូវអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នូវយុទ្ធសាស្រ្តអភិវឌ្ឍអាង ផែនការយុទ្ធសាស្រ្ត MRC ឆ្នាំ២០១៦-២០២០ ផែនការការងារប្រចាំឆ្នាំ នីតិវិធីMRC និងជាពិសេសសេចក្តីថ្លែងការណ៍ក្រុងសៀមរាបនៃកិច្ចប្រជុំកំពូល MRC លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៨
– ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវនីតិវិធី និងបទដ្ឋានគតិយុត្តិជាធរមានរបស់ MRC និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវរាល់សេចក្តីសម្រេច និងការចង្អុលណែនាំរបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម MRC
– ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលជាមួយប្រទេសជាសមាជិកឲ្យបានល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ និងត្រូវយកចិត្តទុកដាក់ពង្រឹងបរិយាកាសការងារល្អនៅ MRCS
– ត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឲ្យបានល្អជាមួយយន្តការតំបន់ និងដៃគូពាក់ព័ន្ធ ជាពិសេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងត្រូវខិតខំពង្រឹងនិងកសាងទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍដើម្បីបន្តជួយគាំទ្រការងារ MRC
– ត្រូវយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ធានានូវកិច្ចដំណើរការជាប្រក្រតីនូវបណ្តាស្ថានីយជលសាស្រ្ត-ឧតុនិយម ដែលមាននាពេលបច្ចុប្បន្ន និងត្រូវពង្រឹងមផ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ថ្នាក់តំបន់ ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់
– ត្រូវតាមដាន និងរាយការណ៍មកប្រទេសជាសមាជិកជាបន្ទាន់ នូវរាល់បញ្ហាឆ្លងដែន ដែលអាចកើតមាន ដូចជាគ្រោះទឹកជំនន់ បញ្ហាគុណភាពទឹកជាដើម ដើម្បីមានវិធានការសមស្របទាន់ពេលវេលា និង
– ត្រូវបន្តយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្រ្តីនៅថ្នាក់ជាតិ ។

លោកនាយកប្រតិបត្តិ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសំដែងការគួរសម និងបានទទួលនូវអនុសាសន៍ដ៏ល្អៗដែលត្រូវយកទៅអនុវត្តដើម្បីដឹកនាំ និងគ្រប់គ្រង MRCS ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងបេសកកម្មគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គ។