ច្បាស់​ហើយ​!​ ​ក្រុមហ៊ុន​ ​OCIC​ ​នឹង​សាងសង់​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង​ ​១០០ហិ​ក​តា​​នៅ​តំបន់​កោះ​នរា​


ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ពិតជា​នឹង​សាងសង់​គំរោង​ទីក្រុង​រណប​ថ្មី​មួយ​ ​ស្ថិតនៅ​តាម​ដង​ទន្លេរ​ដោយ​ចាកចេញ​ពី​តំបន់​កោះ​នរា​ ​ទៅកាន់​ស្រុក​កៀនស្វាយ​ក្នុង​ខេត្តកណ្តាល​។​

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​ទូច​ ​សំណាង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៨​ ​កុម្ភៈ​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​និ​តិ​វិធី​ច្បាប់​ ​ដើម្បី​ស្នើសុំ​ពី​រដ្ឋាភិបាល​លើ​គំរោង​អភិវឌ្ឍន៍​នេះ​។​ ​ទោះជាយ៉ាងណា​លោក​មិនទាន់​បញ្ជាក់ឲ្យដឹង​ពី​ទុន​វិនិយោគ​លើ​គំរោង​នេះ​ចំនួន​ប៉ុន្មាន​ ​និង​ចាប់ផ្តើម​សាងសង់​នៅពេល​ណា​នៅឡើយ​ទេ​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​គំរោង​នេះ​ពិតជា​ធ្វើ​មែនទែន​ ​ហើយ​ទំហំផ្ទៃ​ដី​នៃ​ទីក្រុង​ថ្មីនេះ​មាន​ទំហំ​ជាង១០០ហិ​ក​តា​”​។​ ​លោក​បន្ត​ថា​ ​“​គំរោង​នេះ​នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ដូច​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​”​។​

​គំរោង​ទីក្រុង​រណប​ថ្មីនេះ​ ​នឹង​ត្រូវ​ចាក់​ខ្សាច់​បំពេញ​នៅ​តាម​ជួរ​មាត់ទន្លេ​ចាប់ពី​តំបន់​កោះ​នរា​ ​អូស​ស្របតាម​ទន្លេតូច​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។​

​អ្នក​នាំពា​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ឯកឧត្តម ​សេង​ ​ឡូ​ត​បាន​មានប្រសាសន៍​ថា​ ឯកឧត្តម​មិនទាន់​បានឃើញ​ឯកសារ​ដាក់​សំ​ណើរ​ពី​ក្រុមហ៊ុន​មក​នៅឡើយ​ទេ​ ​ប៉ុន្តែ​ឯកឧត្តម​អះអាង​ថា​ ​សម័យ​បច្ចេកវិទ្យា​រីក​ចំរើន​បែបនេះ​ ​ការសាងសង់​ទីក្រុង​នៅ​តាម​មាត់ទន្លេ​បែបនេះ​ ​មិន​មាន​អ្វី​ដែល​ធ្វើ​មិនបាន​នោះ​ទេ​ ​សូម្បីតែ​ភ្នំ​គេ​អាច​ចោះ​ដើម្បី​ធ្វើ​ផ្លូវ​ឆ្លងកាត់​បាន​៕​