កុលាលភាជន៍សម័យអង្គរចំនួនមួយត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក


លោក ហៃ ហ៊ត និង កញ្ញា ឆេង វុចនា ជាបុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា បានយកកុលាលភាជន៍បុរាណចំនួនមួយមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីសម្អាតនិងជួសជុលតាមបច្ចេកទេសបុរាណវិទ្យាមុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររក្សាទុក កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩។

លោក ហៃ ហ៊ត បានឱ្យដឹងថា កុលាលភាជន៍នេះប្រទះឃើញនៅបរិវេណស្ថានីយ៍បណ្តុះកូនឈើប្រាសាទតាកែវ ពេលក្រុមការងារជីកដីក្នុងជម្រៅ២តឹកដើម្បីយកអាចមន៍ដីទៅបណ្តុះកូនឈើ កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ កុលាលភាជន៍នៅមានរូបរាងល្អនៅឡើយ លើកលែងតែផ្នែកមាត់ខាងលើបែកដោយសារត្រូវនឹងផ្លែចបពេលជីកដី។

លោក ហ៊ត បានបន្តថា ដោយសារលោកជាបុគ្គលិកបម្រើការនៅអាជ្ញាធរជាតិអប្សរាបានដឹងព័ត៌មានខ្លះៗនៃការគ្រប់គ្រងបុរាណវត្ថុ លោកក៏ពិភាក្សាជាមួយក្រុមការងារនិងបានឯកភាពប្រគល់ភាជន៍នេះជូនអាជ្ញាធរជាតិអប្សរា។

ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោក ហ៊ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរដែលបានប្រទះឃើញរាល់បុរាណវត្ថុនៅទីណាក៏ដោយ សូមជួយគ្នាថែរក្សានិងប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកដែលអាចធានាបាននូវសុវត្ថិភាព និងសម្រាប់ដាក់តាំងនៅសារមន្ទីរជូនដល់ប្រជាជនខ្មែរក៏ដូចជាសាធារណៈជនបានស្គាល់នូវស្នាដៃបុព្វបុរសខ្មែរពីសម័យមុន។

អ្នកស្រី សឹង ស្រីទូច បុគ្គលិកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណថា ជាកុលាលភាជន៍ខ្មែរ កម្ពស់១៥សង់ទីម៉ែត្រ ទំហំ១៦សង់ទីម៉ែត្រ លម្អដោយក្បាច់ឆ្នូតគូៗ មានស្រទាប់រលោងពណ៌ត្នោត មកពីឡទ័ពជ័យ ផលិតនៅចន្លោះស.វទី១១ដល់ទី១៣ក្នុងសម័យអង្គ។ ក្រោយពីទទួលកុលាលភាជន៍ អ្នកជំនាញនឹងយកទៅលាងសម្អាត ដកជាតិអំបិល និងជួសជុលវាឱ្យបានល្អ មុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងពិពណ៍។

អ្នកស្រី ស្រីទូច បានបន្ថែមថា មួយរយៈចុងក្រោយប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីតម្លៃនៃកេរមរតកដូនតាដែលគាត់រកឃើញដោយចៃដន្យ ហើយតែងយកវត្ថុបុរាណទាំងនោះមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីអភិរក្សនិងរក្សាទុក។ លោកស្រីក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តលះបង់របស់លោក ហៃ ហ៊ត ក្នុងការចូលរួមចំណែកថែរក្សាវត្ថុបុរាណជាមួយអាជ្ញាធរជាតិអប្សរា៕