នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តចុះពិនិត្យទីតាំងលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកម្ពុជា-ចិន នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី


(កំពត)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យទីតាំងរៀបចំធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ស្ថិតនៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។

លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌» ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងបណ្តាលឆ្នាំកន្លងទៅផងដែរ។

លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ពចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ។

សូមជម្រាបថា ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងពលតូចលេខ៧០ កំពុងធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័តនៃលំហាត់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យសកម្មភាពលំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត៕