រដ្ឋាភិបាល​នឹង​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ​សាត់​នៅក្នុង​ឆ្នាំនេះ​


​រាជរដ្ឋាភិបាល​ជំរុញ​ការសាងសង់​រោងចក្រ​វារីអគ្គិសនី​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ខេត្ត​ពោធិ​សាត់​ដែល​មាន​អនុភាព៨០ មេ​ហ្គា​វ៉ាត់​ ​ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ក្រោយពី​បាន​បញ្ចប់​ការសិក្សា​រួចរាល់​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ ​និង​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​នានា​ ​ព្រមទាំង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​។​ ​

​ឯកឧត្តម ​វ៉ិចទ័រ​ ​ហ្សូ​ណា​ ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឪ្យ​ដឹង​នៅ​ថ្ងៃទី១១​ ​ខែកុម្ភៈ​នេះ​ថា​ ​រាជរដ្ឋាភិបាល​កំពុង​ចរចា​តម្លៃ​ថ្លៃ​លក់​អគ្គិសនី​ត្រឡប់មកវិញ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ​និង​កូរ៉េ​ ​ក្នុង​តម្លៃ​ចន្លោះ​ពី ៧សេន​ ​ទៅ៨ សេន​ ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។​ ​

​​ឯកឧត្តម​បន្ត​ថា​ ​ប្រសិនបើ​ភា​គី​ទំាង២ច​ចារ​ត្រូវ​រូ​វ​គ្នា​ហើយ​នោះ​ ​អាច​ឈាន​ទៅ​អភិវឌ្ឍន៍​បង្កើត​រោងចក្រ​វារីអគ្គិសនី​នា​ពេល​ឆាប់​ៗនេះ​ ​ពោល​គឺ​អាច​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ហើយ​គ្រោង​ប្រើ​រយៈពេល​សាងសង់​ក្នុង​ចន្លោះ៣​ ​ទៅ៤ឆ្នាំ​។​ ​

​​ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ ​ការ​អភិវឌ្ឍ​វារី​អគ្គីស​នី​ស្ទឹង​ពោធិ៍សាត់​បន្ថែម​នេះ​មាន​សារៈ​សំ​ខាន់​ខ្លំា​ង​ណាស់​ដើម្បី​ ​ឆ្លើយតបនឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ផង​ ​លើ​វិស័យ​ឧស្សាហកម្ម​ ​សិប្បកម្ម​ ​សេវាកម្ម​ ​ផ្សេង​ៗ​ទៀត​ ​ហើយ​ធានា​ដល់​សន្តិសុខ​ថាមពល​ ​ក្នុង​ស្រុក​ផង​ ​ដែល​ឈាន​ទៅកាត់​បន្ថយ​ការនាំចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​បរទេស​ថែមទៀត​ផង​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា​ ​តាម​ការសិក្សា​គម្រោង​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​នេះ​ ​អាច​ចំណាយ​ថវិកា​រហូត ដល់​ជាង១៦០លាន​ដុល្លា​អាមេរិក​ ​ដោយមាន​អនុភាព​រហូតដល់៨០មេ​ហ្គា​វ៉ាត់​ ​ហើយ​ផ្នែក​ផល​ប៉ៈ​ពាល់​គឺ​តិចតួច​បំផុត​។​ ​

​​ឯកឧត្តម ​ស៊ុយ​ ​សែម​ ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​ធ្លាប់​បាន​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​រាជរដ្ឋាភិបាល​មាន​ផែនការ​ ​បន្ថែម​ប្រភព​ថាមពល​អគ្គិសនី​គ្រប់​ប្រភេទ​ ​អភិវឌ្ឍន៍​ខ្សែ​បណ្តាញ​ជាតិ​ឲ្យបាន​គ្រប់​ខេត្ត​និង​រាជធានី​ ​និង​ធ្វើ​ខ្សែ​ចែកចាយ​ឲ្យបាន​គ្រប់​ភូមិ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ២០២០​ ​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​មកដល់ពេលនេះ​កម្ពុជា​មាន​វារីអគ្គិសនី​ចំនួន៧កន្លែង​ហើយ​ ​ដោយ៦កន្លែង​ ​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ឈៀង​ខាងលិច​នៃ​ប្រទេស​កម្ពុជា​មាន​ដូចជា​ ​វារីអគ្គិសនី​អា​តៃ​ ​ឬស្សី​ជ្រុំ​ ​កំចាយ​ ​គីរី​រម្យ១​ ​គីរី​រម្យ៣​ ​និង​វារីអគ្គិសនី​តា​តៃ​។​ ​ចំណែក​មួយ​កន្លែង​ទៀត​គឺ​វារីអគ្គិសនី​ ​សេសាន​ក្រោម២ស្ថិតនៅ​ខេត្ត​ស្ទឹងត្រែង​ភា​គ​ឥសាន្​ត​នៃ​ប្រទេស​កម្ពុជា​៕​