ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ អនុវត្តការងារ និងផែនការសកម្មភាព នៃក្រុមការងារដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ ក្រសួងការងារ


នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ អនុវត្តការងារ និងផែនការសកម្មភាព នៃក្រុមការងារដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីការធ្វើប្រតិភូកម្មជូនអភិបាលរាជធានី ខេត្ត ក្នុងការចុះហត្ថលេខាក្នុងនាមរដ្ឋមន្ត្រីវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើឯកសារពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត កំពុងផ្តល់សេវាចំនួន៤ រួមមាន៖
ទី១. ការផ្តល់បណ្ណការងារ និងសៀវភៅការងាររបស់ជនកម្ពុជា
ទី២. ការចុះលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក
ទី៣. ការចុះបញ្ជិកា និងទិដ្ឋាការសំណុំបែបបទស្តីពីសហគ្រាស គ្រឹះស្ថាន
ទី៤. លិខិតអនុញ្ញាតធ្វើការបន្ថែមម៉ោង។