ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ


នាព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសតែងតាំងអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

យោងតាមស្មារតីនៃសេចក្តីសម្រេចលេខ០៥ សសរ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម វេង សាខុន ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសសន្តិសុខស្បៀង។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រ និងផ្តល់ជំនឿទុកចិត្ត តែងតាំងរូបលោកជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមលើមុខងារបច្ចុប្បន្ន ហើយលោកសង្ឃឹមថា តួនាទីថ្មីនេះនឹងជួយបំពេញបន្ថែមនូវយន្តការជាគន្លឹះដ៏រឹងមាំមួយដើម្បីរួមចំណែក អនុវត្តយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែលជាត្រីវិស័យដើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។