លោកជំទាវព្រំ សុភី ពិភាក្សាការងារផ្ទៃក្នុងមន្ទីរបរិស្ថានខេត្ត និងចុះត្រួតពិនិត្យការងារបរិស្ថាននៅស្រុករមាសហែក ខេត្តស្វាយរៀង


នាព្រឹកថ្ងៃអង្គារ៨ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ មន្ទីរបរិស្ថានខេត្តបានរៀបចំកិច្ចប្រជុំមួយស្ដីពី ការពិភាក្សាការងារផ្ទៃក្នុង ក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងអមដំណើរដោយគណប្រតិភូ ព្រមទាំងមានការចូលរូមពី លោកប្រធានអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិល័យ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្វាយរៀង។ នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវបានពិភាក្សាលើ បញ្ហាសំខាន់ៗមួយចំនួនរួមមាន: វឌ្ឍនភាពដែលបានអនុវត្តរយៈពេល៣ខែកន្លងមក ពិនិត្យទៅលើតួនាទីភារកិច្ចរបស់ការិយាល័យនីមួយៗដែលក្រសួងបានផ្ទេរជូន(ដំណើរការឬមិនដំណើរការ) ពិនិត្យមើលផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិល និងបញ្ហាប្រឈមនានាផងដែរ។ មានមតិក្នុងកិច្ចប្រជុំនោះលោកជំទាវបានសង្កត់ធ្ងន់ផងដែរ លើការបន្តចុះផ្សព្វផ្សាយនូវគោលការណ៍សាលាមេត្រីបរិស្ថាននៅកម្ពុជា និងការអនុវត្តនូវអនុក្រឹត្យលេខ១១៣ អនុក្រឹត្យលេខ២៣៥ ព្រមទាំងប្រកាសអន្តរក្រសួងស្តីពី ការបង់ប្រាក់កម្រៃសេវាលើការប្រមូលសំរាមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសបន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកជំទាវក៏បានចុះទៅត្រួតពិនិត្យទីតាំងភូមិសាស្រ្តនៃសាលាបឋមសិក្សាស្វាយជ្រំដែលជាសាលាគំរូមួយ មានសក្ដានុពលផ្នែកវិស័យបរិស្ថានក្នុងខេត្ត ហើយក៏បានកោតសរសើរដល់ លោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សដែលបានយកចិត្តទុកដាក់ និងមានការខិតខំប្រឹងប្រែងក្នុងការរៀបចំ កែឆ្នៃបរិស្ថានសាលាដូចជាសួនច្បារ សួនបន្លែ និងសួនជីវ:ចម្រុះ ដែលឆ្លើយតបទៅនឹងសូចនាកររបស់សាលាមេត្រីបរិស្ថាននៅកម្ពុជា និងបានផ្ដល់ថវិការមួយចំនួនរួមចំណែកក្នុងការលើកទឹកចិត្តចំពោះស្នាដៃប្រតិបត្តិករ បន្ទាប់មកក៏បន្តចុះទៅទស្សនានៅរមណីយដ្ឋានព្រៃបាសាក់ដែលស្ថិតនៅក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀង។
នារសៀលថ្ងៃ ខែ ឆ្នាំដដែលនោះដែរ លោកជំទាវ ក៏បានចុះត្រួតពិនិត្យទីលានចាក់សម្រាមបម្រុងរបស់ក្រុមហ៊ុនឯកជនមួយនៅក្នុងស្រុករមាសហែក ហើយក៏បានរៀបចំកិច្ចពិភាក្សា ជាមួយអភិបាលរងនៃគណអភិបាលស្រុករមាសហែកអំពី ការផ្ទេរតួនាទីភារកិច្ច ការអនុវត្តនូវអនុក្រឹត្យលេខ១១៣ និងបញ្ហាប្រឈមនានាមួយចំនួនដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្តជាពិសេសទាក់ទងនឹងក្រុមហ៊ុនប្រមូលសម្រាម នៅសាលប្រជុំសាលាស្រុករមាសហែក៕