ឯកឧត្តម ងួន រតនៈ បាននាំសារសម្តេចតេជោ ហ៊ុន សែន ជូនអាជីវករលក់ដូរនៅផ្សារថ្មគោល ឲ្យចូលលក់វិញជាធម្មតា ក្រោយផ្ទុះព័ត៌មានថា យកផ្សារនេះធ្វើជាផ្ទះល្វែង


រសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាបងប្អូនអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោល ស្រុកថ្មគោល នៅបរិវេណសាលាស្រុកថ្មគោល ។

សូមជម្រាបដែលថា នាពេលកន្លងមកបងប្អូនអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោលបានមកសុំឲ្យអាជ្ញាធរស្រុកជួយអន្តរាគមន៍ ក្នុងករណីប្តឹងតវ៉ា រវាងបងប្អូនអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោលចំនួន៧៤តូប ស្មើនឹង១១៣នាក់ ជាមួយនឹងប្រធានក្រុមហ៊ុនផ្សារថ្មគោល ។ ដោយបងប្អូនអាជីវករបានលើកឡើងថា បានជាពួកគាត់មកសុំការអន្តរាគមន៍ពីអាជ្ញាធរស្រុក និងប្តឹងតវ៉ាជាមួយប្រធានក្រុមហ៊ុនផ្សារថ្មគោល នេះព្រោះប្រធានក្រុមហ៊ុនផ្សារថ្មគោលបានដេញ និងរុះរើចេញពីកន្លែងលក់ចាស់ ដើម្បីផ្លាស់ទីតាំងលក់ឲ្យទៅលក់ខាងក្នុងផ្សារវិញ ដោយកន្លែងលក់បច្ចុប្បន្នខាងក្រុមហ៊ុនគ្រោងសាងសង់ជាផ្ទះល្វែងវិញ ។ ហើយបងប្អូនអាជីវករទាំងអស់នោះមិនពេញចិត្ត និងមិនយល់ព្រមសម្រាប់ការផ្លាស់ប្តូរទីតាំងនេះឡើយ ដោយសំអាងថា ខាងក្រុមហ៊ុនផ្សារធ្វើនេះខុសពីពាក្យសន្យាកាលពីមុន និងដោយពួកគាត់បានប្រកបអាជីវកម្មនៅទីតាំងនេះអស់រយៈពេល១១ ឆ្នាំមកហើយ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្តែងអាជីវករលក់ដូរចំណីអាហារនៅផ្សារថ្មគោលទាំង១១៣នាក់ស្មើនឹង៤៧តូបនេះ ជួបប្រទះការលំបាកផងនោះ និងដោយមានការណែនាំនិងអនុសាសន៍ផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បានចុះមកដោះស្រាយជាបន្ទាន់ព្រមទាំងបានប្រកាសដំណឹងល្អរបស់សម្តេចតេជោ ដែលបានអនុញ្ញាតឲ្យបងប្អូនអាជីវករចូលលក់ដូរដូចដើមវិញចាប់ពីថ្ងៃប្រកាសនេះតទៅ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃចូលរួមកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋយើងផងដែរ។

អាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោល ស្រុកថ្មគោលទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈឯកឧត្តម អភិបាលខេត្ត ជួយអន្តរាគមន៍ឲ្យអាជីវករទាំងអស់បានចូលលក់ដូរវិញ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាសម្តេចនិងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន និងនៅជាម្លប់ដ៏ត្រជាក់ បន្តដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាពយូរអង្វែងនិងមានការអភិវឌ្ឍ ការរីកម្រើនតទៅមុខទៀត៕