ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងស្ថានភាពរីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូ ជួបពិភាក្សា ការងារជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកទាំង៨ ដើម្បីស្វែងយល់ពីសភាពការណ៍ ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ និងជាពិសេសបញ្ហា ប្រឈមពាក់ព័ន្ធនឹងវិស័យទាំង៤ ក្នុងបន្ទុករបស់គណៈកម្មការ ដែលដំណើរ ការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មការទី៧ នៃរដ្ឋសភា និងរដ្ឋបាលខេត្ត កំពង់ឆ្នាំង បានបញ្ចប់ទៅយ៉ាងរលូន ដោយឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងការអភិវឌ្ឍផ្សេងៗ ជាពិសេសការរៀបចំសោភ័ណភាព ក្នុងក្រុងកំពង់ឆ្នាំងដោយផ្តោតចំណាប់អារម្មណ៍លើការអនុវត្តការងារយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការជំរុញផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍតំបន់មាត់ទន្លេ ដើម្បីត្រៀមខ្លួនសម្រាប់ការរៀបចំ ពិធីបុណ្យទន្លេ ក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយគ្នានោះដែរ គណៈកម្មការក៏បានកត់សម្គាល់នូវបញ្ហាប្រឈម នៃវិស័យទាំងបួន ដោយក្នុងនោះប្រធានគណៈកម្មការបាន ស្នើឱ្យរដ្ឋបាល ខេត្ត និងមន្ទីរនីមួយៗ បន្តអនុវត្តការងារ បន្តថែរក្សា និងបង្កើតស្នាដៃបន្ថែម ជូនប្រជាពលរដ្ឋ ជាពិសេសពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មាន ពីសកម្មភាពដែលខេត្ត និងមន្ទីរបានធ្វើ ក៏ដូចជាសមិទ្ធផលដែលសម្រេច បាន អោយបានទូលំទូលាយ ដោយធ្វើយ៉ាងណាបញ្ជៀសការភាន់ច្រឡំ នានាពីសំណាក់សាធារណជនលើហេតុការណ៍ណាមួយដែលកើតឡើងក្នុងខេត្ត។

ទន្ទឹមនឹងនេះ សម្រាប់វិស័យអប់រំគណៈកម្មការបានស្នើខាង មន្ទីរអប់រំឱ្យ ផ្តោតចំណាប់អារម្មណ៍លើការអប់រំបីចំនុចសំខាន់រួមមាន៖ ការអប់រំចំណេះ ដឹង ការអប់រំសីលធម៌ និងការអប់រំមនសិកាជាតិ ដល់សិស្សានុសិស្ស គ្រប់ៗរូប៕