រសៀលថ្ងៃពុធ ៩កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំលេខ០១ សាលាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូក្រុមហ៊ុន MinebeaMitsumi ដែលដឹកនាំដោយ លោកស្រី Kikuko Shinchi ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកប្រឹក្សាយោបល់យុទ្ធសាស្ត្របរិស្ថាន និង លោក Kunio Tagaki ប្រធានផ្នែកផលិតផលទីក្រុងឆ្លាតវៃ ក្រុមហ៊ុន MinebeaMitsumi ដោយមានការអញ្ជេីញចូលរួមពី នាយករដ្ឋបាលខេត្ត លោកប្រធានអង្គភាពលទ្ធកម្មខេត្ត លោកស្រីនាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នាយករងទីចាត់ការហិរញ្ញវត្ថុខេត្ត មន្ទីរសាធារណការ និងដឹកញ្ជូនខេត្ត តំណាងអាជ្ញាធរអប្សរា និងសាលាក្រុងសៀមរាប។
ជំនួបពិភាក្សានេះ រដ្ឋបាលខេត្តយល់ឃេីញថាផលិតផលអំពូលភ្លេីងបំភ្លឺសាធារណៈប្រភេទ LED រស់ក្រុមហ៊ុនមីនីបៀ គឺពិតជាបានចូលរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិច ក្នុងបរិយាកាសពិតប្រាកដ ដូចនេះរដ្ឋបាលខេត្តក៏បានសម្រេចស្នេីសុំអោយ ក្រុមហ៊ុនមីនីបៀ អនុវត្តគម្រោងរបស់ខ្លួន នៅខេត្តសៀមរាប ដោយខេត្តបានស្នេីសុំអំពូលប្រភេទ LED ចំនួន ១៩៥០គ្រាប់ ដេីម្បីធ្វេីការបំពាក់តាមដងផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ហេីយបច្ចុប្បន្ននេះ ការអនុវត្តគម្រោងJCM កំពុងស្ថិតក្នុងដំណេីរការនៃការតម្លេីងអំពូល LED ចំនួន ៥០០អំពូល បន្ថែមទៀត ដេីម្បីអនុវត្តនូវបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងខេត្តសៀមរាបរបស់យេីង។