ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារធ្វើការចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អាងត្រពាំងថ្ម


នៅថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអន្តរាគមន៏មុខព្រួញខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង បានដឹកនាំក្រុមការងារធ្វើការចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អាងត្រពាំងថ្ម ។

ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម ធ្វើការស្រោចស្រព្វបានលើផ្ទៃដីដាំស្រូវ និងដំណាំអនុផលផ្សេងៗទៀតបានចំនួន ៣៥.០០០ ហត ធ្វើបាន ០៣ដងក្នុង ០១ ឆ្នាំ ។

ដោយពិនិត្យឃើញនូវសក្តានុពលរបស់ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម មានភាពធំធេង ហើយអាចពង្រីកបាននៅគ្រប់ពេលទាំងអស់ ទើប ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបចេ្ចកទេសក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យឯកឧត្តមអនុរដ្ឋលេខាធិការ គិតគូរប្រើប្រាសឲ្យអស់សកត្តានុពលទឹក ពុំចាំបាច់ដកដង្ហើមតាមតែច្រកភ្នំឆត្រ័ តាមជ្រលងបឹងត្រគួន ស្រែល្អ តាមេង ពន្លៃ និងថ្មពួក នោះទេ ត្រូវតែឈ្លាសវៃរកពីប្រភពផ្សេងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ សកបទ ប្រព័ន្ធធារាសាស្រ្ត អាងត្រពាំងថ្ម ប្រជាកសិករនៃស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ស្រុកស្រីស្នំ និងក្រុងសិរីសោភ័ណ។

សូមបញ្ជាក់ជូនថា ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម ដោយប្រើប្រភពទឹកពីតំបន់ ៥៥ សំរោងចុងកាល់ ស្រែង១ និងស្រែង២ កាត់តំបន់ដានចាស់មួយចំនួនត្រង់មកអាងត្រពាំងថ្ម ។ កិច្ចការមួយនេះ ក្រសួងនឹងអនុវត្តក្នុងពេលខាងមុខ។ តែចំពោះមុខនេះក្រសួងបានឲ្យគ្រប់ផ្នែក និងអង្គភាពចំណុះទាំងអស់ ធ្វើការពង្រីកបរិមាណទឹកពីប្រភពពាក់ព័ន្ធទាំងអស់ដើម្បីឆ្លើយតបនឹងតម្រូវការជាបណ្តើរៗហើយ ។