ប្រជាពលរដ្ឋក្នុងឃុំម្សាក្រង ស្រុកស្ទោង មានទឹកប្រើប្រាស់ឡើងវិញហើយ ក្រោយទទួលបានស្រះទឹកចំនួន ១៥ ស្រះ


ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្ទោង ក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង បានចាប់ផ្តើមមានទឹកប្រើប្រាស់ឡើងវិញហើយ បន្ទាប់ពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ចប់ការជីកស្រះទឹកនៅតាមពោះស្ទឹងស្ទោង ចំនួន ១៥ ស្រះ ដើម្បីទាញយកជម្រាបទឹកចេញ មកផ្គត់ផ្គង់ឲ្យការប្រើប្រាស់នៅតំបន់នោះ ។

តាមរយៈការដាក់គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង ការជីកស្រះទឹកទាំង ១៥ ខាងលើ គឺប្រើរយៈពេលតែ ៥ ថ្ងៃប៉ុណ្ណោះ ។

គួររំលឹកជូនថា ប្រជាពលដ្ឋដែលរស់នៅតាមដងស្ទឹងស្ទោង ពិសេសក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង បានប្រឈមនឹងការខ្វះខាតប្រើប្រាស់ប្រចាំថ្ងៃ ខណៈទឹកក្នុងស្ទឹងស្ទោង បានចាប់ផ្តើមរីងខះដោយអន្លើៗ ។ ពិនិត្យឃើញបញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីតាំងឃុំម្សាក្រង នាពេលកន្លងទៅ ឯកឧត្តម បានបញ្ជាឲ្យក្រុមការងារ ធ្វើការជីកជាស្រះទឹកនៅតាមពោះស្ទឹងស្ទោង ដើម្បីទាញយកជម្រាបទឹកចេញ មកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។ ស្រះទឹកដែលត្រូវជីក គឺមានសរុបចំនួន ១៥ ស្រះ ហើយស្រះនីមួយៗ មានបណ្តោយ ២០ ម៉ែត្រ ទទឹង ០៨ ម៉ែត្រ និងជម្រៅ ០៣ ម៉ែត្រ ។