ឯកឧត្តម យិន ងួនកូលេនីន បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកអូរច្បារ ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី


ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពទឹកអូរច្បារ ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សូមជម្រាបថា អូរច្បារ គឺជាអូរធម្មជាតិមួយដែលមានប្រវែងប្រមាណជាង ១០០ គម ហូរកាត់ក្រុងស្រុកចំនួន ០៣ របស់ខេត្តមណ្ឌលគិរី រួមមាន ក្រុងសែនមនោរម្យ ស្រុកពេជ្រាដា និងស្រុកកោះញែក ។ អូរនេះ លាតសន្ធឹងលើស្រុកកោះញែកប្រវែងប្រមាណ ៦០ គម ដោយហូរកាត់លើឃុំទាំង ៥ របស់ស្រុក ។ ប្រជាពលរដ្ឋក្នុងស្រុកកោះញែក ប្រមាណ ៨០% ប្រើប្រាស់ទឹកអូរនេះ សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងបំពេញសេចក្តីត្រូវការផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បច្ចុប្បន្ន ទឹកអូរនេះ គឺនៅមានច្រើន ដោយនៅតាមអន្លង់នីមួយៗ ភាគច្រើនទឹកមានជម្រៅជាមធ្យមប្រមាណ ១០ ម ។ ជាសរុបរួម ទឹកអូរនេះ គឺអាចធានាផ្គត់ផ្គង់ឲ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកកោះញែកទាំងមូល រហូតដល់មានភ្លៀងធ្លាក់ឡើងវិញ ។