(សៀមរាប)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញឲ្យមន្រ្តីសុខាភិបាលទូទាំងប្រទេស ពង្រឹងអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្មវិធី នាឆ្នាំ២០២៥។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគាអង្គរអេរ៉ា ក្រុងសៀមរាប។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានលើកឡើងថា ការចូលរួមចំណែកយ៉ាងសកម្ម ពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចំាបាច់បំផុត ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២០ ព្រមទាំងខិតខំទប់ស្កាត់ការរាតត្បាតរបស់ជំងឺគ្រុនឈាម ឲ្យទាន់ពេលវេលា រក្សា និងពង្រីកអត្រាគ្របដណ្តប់ការផ្តល់ថ្នាំទម្លាក់ព្រូនជាសមូហភាពឲ្យនៅខ្ពស់លើសពី៩០%។
ជាងនេះទៅទៀត សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងទៀតថា អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ បានថយចុះយ៉ាងខ្លាំង តែចំនួនអ្នកឈឺនៅមានចំនួនច្រើន ដែលត្រូវផ្តោតការយកចិត្តទុកដាក់បន្ត ផ្តល់ការធ្វើតេស្តរកជំងឺគ្រុនចាញ់ ដោយធ្វើតេស្តរកជំងឺគ្រុនចាញ់លើក្រុមប្រជាជន ដែលប្រឈមនៅតាមតំបន់ ដែលមានអ្នកជំងឺគ្រុនចាញ់ច្រើន និងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗ តែម្តងពេលធ្វើតេស្តឃើញភ្លាម។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីសុខាភិបាល បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ដែលមានចំនួនអ្នកឈឺគ្រុនចាញ់ច្រើន ដូចជាខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង មណ្ឌលគិរី ព្រះវិហារ ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង ត្រូវបន្តអនុវត្ត ការកជំងឺគ្រុនចាញ់ ជូនដល់ប្រជាជន ដែលប្រឈមខ្ពស់ និងតំបន់ដែលមានជំងឺគ្រុនចាញ់ខ្ពស់ ដោយផ្តល់ថ្នាំគ្រុនចាញ់ជូនភ្លាមៗប្រសិនបើមានគ្រុនចាញ់ (Proactive Case Detection) ដោយមិនបង្អែរបង្អង់យូរឡើយ ជាពិសសការផ្តល់មុងជ្រលក់ថ្នាំអោយបាន១០០% ដល់ប្រជាជនគោលដៅ និងប្រជាជនចល័ត និងចំណាកស្រុក។ ធ្វើយ៉ាងដូច្នេះ ទើបអាចជំរុញការកាត់បន្ថយបានលឿន នូវចំនួនអ្នកឈឺ។ ចំពោះខេត្ដ ដែលនៅតំបន់ មានករណីគ្រុនចាញ់ច្រើន ត្រូវបង្កើនសកម្មភាពរុករកស្រាវជ្រាវ និងព្យាបាលទ្វេរដង។
លើសពីនោះទៀត រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជាគន្លឹះបន្ថែមថា៖
*សុំផ្តួចផ្តើមគំនិតមួយ និងជំរុញឲ្យមន្ត្រីទាំងអស់ ត្រូវអនុវត្តន៍ ដោយត្រូវចុះជួបប្រជាជនចំណុចផ្ទាល់ និងផ្តល់ការអប់រំ ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទ ក្នុងការការពារជំងឺគ្រុនចាញ់ ព្រមទាំងធ្វើតេស្តឈាម និងព្យាបាលភ្លាមៗ ដែលហៅកាត់ថា METT(Meet and Education for behavior change Test & Treat)
*ចុះជួយគ្រួសារកងទ័ព ក្នុងការព្យាបាលជំងឺគ្រុនចាញ់
*ផ្លាស់ប្តូរបទពិសោធន៍គ្នា ពីកន្លែងមួយទៅកន្លែងមួយ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម
*ត្រូវត្រួតពិនិត្យមើលនៅកន្លែងការដ្ឋានសំណង់ កន្លែងធ្វើឡាន និងបរិវេនជុំវិញផ្ទះ ដើម្បីលុបបំបាត់ជំរកមូសខ្លា
ជំងឺដង្កូវព្រូន
*ត្រូវផ្តល់ថ្នាំ និងការអប់រំបន្ថែម ដល់សាលារៀន ពីបញ្ហាជំងឺដង្កូវព្រូន។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងមន្ទីរសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវលទ្ធផលល្អ គួរជាទីមោទនៈនាឆ្នាំ២០១៨កន្លងមក របស់កម្មវិធីជាតិទាំងបី គឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន ដែលបានធ្វើឲ្យអត្រាស្លាប់ ដោយជំងឺគ្រុនចាញ់ បានចុះទាបជាងសូច្ចនាករផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២០។ ចំណែកឯអត្រាអាំងស៊ីដង់ និងអត្រាស្លាប់នៃជំងឺគ្រុនឈាម ក៏ស្ថិតនៅទាបជាងសូច្ចនាករគ្រោងសម្រាប់ឆ្នាំ២០១៨។ ដោយឡែកការផ្តល់ថ្នាំទម្លាក់ព្រូន ជាសមូហភាពដល់ក្រុមគោលដៅ បានជាង៥លាននាក់។
គួររម្លឹកថា ការបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល នេះក៏មានវត្តមានចូលរួមពីសំណាក់អភិបាលរងរាជធានី-ខេត្ត លោកស្រីរដ្ឋលេខាធិការ ទីប្រឹក្សាអមក្រសួងសុខាភិបាល ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស សុខាភិបាល តំណាងនាយកដ្ឋានសុខាភិបាល នៃក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងដៃគូសុខាភិបាលផ្សេងទៀត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ រាជធានី-ខេត្ត មន្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លោក លោកស្រីតំណាងមជ្ឈមណ្ឌលជាតិ តំណាងក្រសួងមន្ទីរនានា តំណាងដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួនជាង៤០០នាក់ផងដែរ៕