អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលនយោបាយនៃអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ ៖ រសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលនយោបាយនៃអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អភិបាល ក្រុង ស្រុក និងមន្រ្តីរាជការសាលាខេត្តគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១២០ នាក់ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងស្តីពីរបបសន្តិសុខសង្គមទៅកាន់សមាជិក ប.ស.ស ទាំងអស់ ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ស្តីពីនីតិវិធីនៃការទៅទទួលសេវារបបសន្តិសុខសង្គមនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។

ក្នុងឱកាសជាមួយគ្នានេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានប្រគល់ប័ណ្ណសមាជិក ប.ប.ស ជូនដល់មន្រ្តី រាជការ និងមន្រ្តីជាប់កិច្ចសន្យាដែលកំពុងបម្រើការនៅសាលាខេត្តកំពង់ស្ពឺ សរុបចំនួន ៣៦៦ ប័ណ្ណ ។

គួរបញ្ជាក់ផងដែរថា តាំងពីដំណាក់កាលដំបូងនៃការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល តែងតែបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសកម្មភាពគាំពារសង្គមនានាក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងការដាក់ឲ្យដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកគោលនយោបាយសង្គមកិច្ចជាច្រើន ។

ជាក់ស្តែងនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភាកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ដែលក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង ប្រព័ន្ធគាំពារសង្គមដែលផ្តោតលើ សសរស្តម្ភ សំខាន់ៗចំនួនពីរគឺ៖ ប្រព័ន្ធ ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ៕