កិច្ចប្រជុំអន្តរក្រសួងលើគម្រោងអាជីវកម្មថ្មសំណង់ លើផ្ទៃដីទំហំ ៤០ ហិកតា ដែលមានទីតាំងស្ថិតនៅ​តំបន់ភ្នំថ្មដា ក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរបស់ក្រុមហ៊ុន ZHE JIANG SHENG ZHU JI SHI MING LEI KUANG YE CO., LTD.


នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹក​នាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់​លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់ លើផ្ទៃដីទំហំ ៤០ ហិកតា ដែល​មានទីតាំងស្ថិតនៅតំបន់ភ្នំថ្មដា ក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របស់ក្រុមហ៊ុន ZHE JIANG SHENG ZHU JI SHI MING LEI KUANG YE CO., LTD. និងរៀបចំ របាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD.។
លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖ (១). អង្គប្រជុំគាំទ្រទៅលើគម្រោងអាជីវកម្មនេះ (២). ក្រុមហ៊ុនត្រូវធ្វើការរចនាក្នុងការទាញយកថ្មសំណង់ តាម លក្ខណៈបើកចំហ (Semi-Cut Open Mining) ដើម្បីរក្សាទុកទេសភាពនៃភ្នំដារនេះជាលក្ខណៈ បៃតង (៣). ក្រុមហ៊ុនត្រូវសហការជាមួយ ក្រុមហ៊ុនអាជីវកម្មថ្មសំណង់ចំនួន ៤កន្លែង និង អាជីវកម្មជីកអាចម៍ដីចំនួន ១កន្លែង ដើម្បីសាងសង់ ផ្លូវបេតុង ឬផ្លូវកៅស៊ូ ដែលក្រុមហ៊ុនដឹក ជញ្ជូនថ្ម និងដីឆ្លងកាត់ ដើម្បីកាត់បន្ថយការហុយធូលី ដែល ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវ ដោយមានការសម្របសម្រួល ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន (៤). ក្រុមហ៊ុន ត្រូវរៀបចំជីកប្រឡាយព័ទ្ធជុំវិញ​ការដ្ឋានថ្ម រួមទាំងជីកស្រះស្តុកទឹកដើម្បីប្រមូលទឹក ហូរចេញពីការដ្ឋាន ចៀសវាងហូរទៅដីស្រែរបស់ ប្រជាពលរដ្ឋ ដែលធ្វើឱ្យខូចគុណភាពដី (៥). ក្រុមហ៊ុនត្រូវកំណត់ពេលវេលានៃការបំផ្ទុះថ្មឱ្យ បានជាក់លាក់ ព្រមទាំងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋជាមុនសិនមុននឹងធ្វើ ការ​បំផ្ទុះដោយអនុលោមតាមកម្រិតកំណត់ស្តង់ដារ របស់ក្រសួងបរិស្ថាន ដើម្បីការពារគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ និង ការរំខានដោយសំឡេង និងរំញ័រ (៦). ក្រុមហ៊ុនត្រូវចូលរួមដាំដើមឈើនៅតាមទី​សាធារណៈដូចជា សួនច្បារ សាលារៀន វត្តអារាម នៅក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យបានយ៉ាងតិច ៣.០០០ដើម/ឆ្នាំ (៧). ក្រុមហ៊ុនត្រូវរៀបចំវិធានការការពារធនធានធម្មជាតិ សត្វព្រៃនៅក្នុង និងក្បែរទីតាំងគម្រោងឱ្យបានត្រឹមត្រូវ (៨). ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រង់​សំណលរឹង-រាវ ដែលកើតឡើងដោយសារ​សកម្មភាពគម្រោងឱ្យបានត្រឹមត្រូវ (៩). ក្រុមហ៊ុនត្រូវបង្កើនមូលនិធិបរិស្ថាន និងមូលនិធិសង្គមឡើងវិញ ដោយប្រៀបធៀបទៅនឹងតម្លៃនៃការខូចខាតបរិស្ថាន និងតម្លៃការស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវ និង ១០). ក្រុមហ៊ុន​ម្ចាស់​គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលនូវចំណុចខ្វះខាតនៅក្នុងរបាយការណ៍ IESIA នេះឱ្យបានត្រឹមត្រូវតាមការលើកឡើងរបស់អង្គប្រជុំ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយ ចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរបរិស្ថានខេត្ត កំពង់ឆ្នាំង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕