ឯកឧត្តម សុខ ឥសានបានលើកឡើងថា ពួកបរទេសចង់បំផ្លាញកម្ពុជា គ្រាន់តែកម្ពុជាការពារសិទ្ធិស្របច្បាប់ ពីបរទេសដែលដាក់កំហុស លើហើយយកឡេះដាក់ទណ្ឌកម្ម


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ពួកបរទេសចង់បំផ្លាញកម្ពុជា គ្រាន់តែកម្ពុជាការពារសិទ្ធិស្របច្បាប់ ពីបរទេសដែលដាក់កំហុស លើហើយយកឡេះដាក់ទណ្ឌកម្ម។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈ បណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ថា តើកម្ពុជាត្រូវពឹងដង្ហើម គេអស់មួយជីវិតឬ ? ក្នុងយុគសម័យនេះទៅហើយ កម្ពុជា ដែលជាប្រជាជនធ្លាប់មាន ប្រវត្តិតស៊ូដ៏លំបាកច្រើនរាប់មិនអស់ អាចពុះពារនិងជំនះបាន រឿងអ្វីគ្រាន់តែការលុបប្រព័ន្ធ EBA ដោះស្រាយមិនបាន?

ឯកឧត្តមបន្តថា “ប្រជាជនកម្ពុជាមិនត្រូវ ឱនក្បាលនៅចំពោះមុខជនបរទេស ដែលចង់ឈ្លានពាន និងរំលោភឯករាជ្យ និងអធិបតេយ្យភាពជាតិជាដាច់ខាត។ ពួកវាចង់បំផ្លាញកម្ពុជា គ្រាន់តែកម្ពុជាការពារសិទ្ធិស្របច្បាប់ពួកវា ដាក់កំហុសលើ ហើយយកឡេះដាក់ទណ្ឌកម្ម” ។

អ្នកនាំពាក្យបន្ថែមថា ប្រជាជនកម្ពុជាត្រូវរួបរួម សាមគ្គីជាតិទាំងមូល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា រួមគ្នាទ្រោលសភាពការណ៍ នេះឲ្យបានជោគជ័យ ដើម្បីការពារផលប្រយោជន៍ ប្រជាជននិងប្រជាជាតិ។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប ៕