ឯកឧត្តម សុខ ឥសានថា ការប្រកាសនេះគឺផ្ទុយពីការពិត នៅកម្ពុជា​ដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដៃ របស់ប្រជាជនស្រាប់ហើយ មិនត្រូវការយកទៅឲ្យអ្នកណាទៀតទេ


ភ្នំពេញ៖ បន្ទាប់ពីអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសទុកជាមុនថា នៅឆ្នាំ២០១៩នេះ លោកនឹងវិលមកចូលស្រុកវិញ ដើម្បីយកប្រទេសជាតិសងពលរដ្ឋវិញនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបថា ការប្រកាសនេះគឺផ្ទុយពីការពិត នៅកម្ពុជា​ដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដៃ របស់ប្រជាជនស្រាប់ហើយ មិនត្រូវការយកទៅឲ្យអ្នកណាទៀតទេ​ ជាពិសេសប្រជាជន មិនអនុញ្ញាតឲ្យទណ្ឌិតរត់ចោលស្រុក ដណ្តើមយកកម្ពុជា ទៅណាបានជាដាច់ខាត​ ។

ក្នុងឱកាសជួបអ្នកគាំទ្រ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងស៊ីអាទ័រ សហរដ្ឋអាមេរិក លោក សម រង្ស៊ី ថ្លែងថា “ខ្ញុំទៅស្រុកខ្មែរវិញ គឺដើម្បីយកប្រទេសកម្ពុជា ប្រគល់សងប្រជារាស្រ្តខ្មែរវិញ បេសកកម្មទាំងអស់គ្នា បងប្អូននៅកម្ពុជារង់ចាំពួកយើង យើងនឹងវិលទៅប្រទេសកម្ពុជាវិញ ទៅចាប់ដៃជាមួយបងប្អូនយើង។ បើទុកបណ្តោយឲ្យកម្ពុជា នៅបែបនេះបន្តទៀត នឹងរលាយខ្ទេចខ្ទីគ្មានសល់ ទុកឲ្យកូនចៅជំនាន់ក្រោយទេ”​ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាម នៅថ្ងៃទី៤ កុម្ភៈនេះថា សព្វថ្ងៃនេះ​ ព្រះរាជាណាចក្រកម្ពុជា គឺជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា​ ដែលកំពុងស្ថិតនៅក្រោម ម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​និងក្រោមការដឹកនាំ និងគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់កើតចេញពីការបោះឆ្នោត ដែលសម្តែងឆន្ទៈពីប្រជាពលរដ្ឋជាង ៨៣% ។

ឯកឧត្តមបញ្ជាក់ថា “ហេតុនេះ​ ការដែលទណ្ឌិតរត់ចោលស្រុក ប្រកាសថាដណ្តើមកម្ពុជា​ យកទៅប្រគល់ឲ្យប្រជាជនកម្ពុជាវិញ​គឺផ្ទុយពីការពិតនៅកម្ពុជា ដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដៃរបស់ ប្រជាជនកម្ពុជាស្រាប់ហើយ មិនត្រូវការយកទៅឲ្យអ្នកណាទៀតទេ​ ។ ប្រជាជនកម្ពុជា​មិនអនុញ្ញាត ឲ្យទណ្ឌិតរត់ចោលស្រុក ដណ្តើមយកកម្ពុជាទៅណា បានជាដាច់ខាត”​ ។

ឯកឧត្តមបន្ថែមថា ប្រទេសកម្ពុជា​កំពុង ស្ថិតនៅក្រោមដំបូលសន្តិភាព​ ស្ថិរភាពនយោបាយ​ សុខសុវត្ថិភាព​និងសណ្តាប់ធ្នាប់សាធារណសង្គមល្អ​ប្រសើរ​ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន លើកកម្ពស់ល្អប្រសើរជាលំដាប់​ ក្នុងបរិកាដែលសេដ្ឋកិច្ចរក្សា បាននូវកំណើនថិរ ៧% ក្នុងមួយឆ្នាំ​ៗ​ ។

ឯកឧត្តមបន្តថា សមទ្ធិផលរបស់សង្គមជាតិ ដែលកើតឡើងព្រោងព្រាត នៅគ្រប់ទីកន្លែង គឺចេញពីបាតដៃរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ជោគវាសនា របស់ព្រះរាជាណាចក្រកម្ពុជា​ ។ ដូច្នេះ​ព្រះរាជាណាចក្រកម្ពុជា គឺជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា​ មិនមានបាត់បង់ទៅណាឡើយ​ ៕