សិក្ខាសាលាស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និង ប្រព័ន្ធគ្រប់គ្រង


នៅសាលសន្និសិទ នៃសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៩នេះ មានធ្វើអង្គសិក្ខា សាលាស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែមតាមអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកឧកញ៉ា លោក លោកស្រីជាមន្ត្រីសាខាពន្ធដារ មកពីបណ្តារាជធានី ខេត្ត និង បងប្អូនជាពាណិជ្ជករ អាជីវករ និង បណ្តាក្រុមហ៊ុន សហគ្រាសក្នុងខេត្ត ប្រមាណជាង៧០០ នាក់ចូលរួម។

ក្នុងកិច្ចស្វាគមន៍របស់ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានគូសបញ្ជាក់ថា អង្គសិក្ខា សាលានេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់ពីការយល់ដឹងរបស់ក្រុមហ៊ុន ដើមី្បធានាការបំពេញកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវតាម ច្បាប់ និង បទប្បញ្ញត្តិ ស្តីពីពន្ធដារ ដើមី្បជាមូលដ្ឋានឲ្យអគ្គនាយកដ្ឋានពន្ធដារ ផ្តល់ជាវគ្គបណ្តុះ បណ្តាលជាក្រុម ឲ្យចំគោលដៅ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងបំណងផ្សព្វផ្សាយ អំពីកាតព្វកិច្ចសារពើពន្ធ ក៏ដូចជាយន្តការថ្មីៗ ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជូន សិក្ខាកាមទាំងអស់ បានជ្រាប និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ចំពោះធុរៈជនប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមក៏ បានធ្វើការអំពាវនាវដល់បងប្អូនដែលប្រកបអាជីវកម្ម សូមចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និង បង់ពន្ធទាំងអស់គ្នា ឲ្យបាន ខ្ជាប់ខ្ជួន ។ ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រនិងលើកស្ទួយតាមរយៈការបង់ពន្ធនេះ ។

ក្នុងនោះដែរឯកឧត្តមអគ្គនាយក ក៏បានលើកនូវគន្លឹះសំខាន់ៗជាគោលមួយចំនួន នៃយុទ្ធសាស្ត្រកៀងគរចំណូល ចំនួន​ ៥ចំណុច នៃការកំណែទម្រង់របស់ពន្ធដារ ដែលជាផែនការយុទ្ធសាស្ត្រ និង ផែនការប្រតិបត្តិរបស់ពន្ធដារ គឺមានមុខងារស្នូលចំនួន៥ លើការពង្រឹង និងកែលម្អរក្នុងការចុះបញ្ជីអ្នក ជាប់ពន្ធឲ្យបានល្អ , ការពង្រឹងផ្តល់សេវាអ្នកជាប់ពន្ធឲ្យបានល្អ , ការរៀបចំកែលម្អរនៃការចាត់ចែងសេចក្តីប្រកាសបង់ពន្ធ ឲ្យអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ និង រៀបចំកែលម្អរការធ្វើវិសោទនកម្មឲ្យបានល្អ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និង ពង្រឹងវប្បធម៌នៃការ បង់ពន្ធ ។ ម៉្យាងទៀតស្នូលមួយទៀត លើការប្រមូលបំណុល និង បណ្តឹងតវ៉ា ព្រមទាំងផែនការយុទ្ធសាស្ត្រមុខងារគាំទ្រ ការពង្រឹង ការគ្រប់គ្រងរចនាសម្ព័ន្ធ និង បណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវធ្វើការកែលម្អររចនាសម្ព័ន្ធពន្ធដាររបស់ខ្លួន ដែលជាកត្តាសំខាន់នៃកំណែទម្រង់នោះ គឺការដាក់ឲ្យប្រើប្រាស់ និង អនុវត្តនូវប្រព័ន្ធព័ត៌មានវិទ្យា ដែលជាជំនួយដ៏ល្អលើការងារពន្ធដារ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ គឺជាការចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ល្អៗ ដល់បងប្អូនជាពាណិជ្ជករ អាជីវករជាតិ អន្តរជាតិ និង បណ្តាក្រុមហ៊ុន សហគ្រាស ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងមូល សំខាន់មន្ត្រីសាខាពន្ធដារមកពីរាជធានី ខេត្ត បានទទួលចំណេះដឹងទាំងនេះ យកទៅធ្វើការផ្សព្វផ្សាយបន្តដល់អ្នកជាប់ពន្ធ នៅក្នុង មូលដ្ឋានរបស់ខ្លួនផងដែរ៕