ឯកឧត្តម សុខ ឥសានបានលើកឡើងថា ក្រុមសម រង្ស៊ី និយមបានបន្តវាយប្រហារលើក្រុមកឹម សុខានិយម តាមរយៈរូបភាពបើរថយន្តបុក និងច្រានទម្លាក់ពីលើដើមឈើជាដើម


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្រុមសម រង្ស៊ី និយមបានបន្តវាយប្រហារលើក្រុមកឹម សុខានិយម តាមរយៈរូបភាពបើរថយន្តបុក និងច្រានទម្លាក់ពីលើដើមឈើជាដើម ។

ឯកឧត្តមលើកឡើង របស់លោកបែបនេះ បន្ទាប់ពីលោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា បានប្រតិកម្មជាមួយ លោក សម រង្ស៊ី និងកូនចៅរបស់លោកមួយចំនួន ដែលបានរិះគន់ មកលើលោកស្រីជាញ៉យដង។

លោកស្រីបានអះអាងថា “ខ្ញុំអស់ការអត់ធ្មត់ ដែលអ្នកគាំទ្រលោក សម រង្ស៊ី ប្រមាថមកលើមនសិការរបស់ខ្ញុំ កិត្តិយសរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត វាអាចចាត់ទុកថា ជាមេរៀនសម្រាប់នរណាក៏ដោយ ដែលប្រមាថចំពោះអ្នកដទៃ ទាំងគ្មានការពិត”។

យោងតាមបណ្ដាញ សង្គមតេឡេក្រាម ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា “ឧបាយកលកាន់តែសាហាវពិសពុល និងអមនុស្សធម៌ហើយ ដោយសារក្រពុលមុខ នឹងបរាជ័យរបស់ខ្លួន និងបក្ខពួកខ្លួន ។ អ្នកដែលហៅថា ស្នេហាទណ្ឌិតរត់ចោលស្រុក បានប្រើឧបាយកល កាន់តែសាហាវពិសពុល និងអមនុស្សធម៌ ដោយជួលពួកជ្រុលនិយមមួយចំនួន ឲ្យវាយប្រហារទៅលើបងប្អូន មួយចំនួនដែលជា កឹម សុខានិយម តាមរូបភាពផ្សេងៗ ដូចជាបើកឡានបុក ច្រានឲ្យធ្លាក់ពីលើរថភ្លើង ជាដើម” ។

ឯកឧត្តមបន្តថា ឧបាយកលពិសពុលខាងលើនេះ បង្ហាញថា ពួកឧទ្ទាមក្រៅច្បាប់ កាន់តែក្រពុលមុខ នឹងបរាជ័យរបស់ខ្លួនរកហៅមិនឮ។ នេះហើយដែលហៅថា អ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលខូចម៉ាកអស់ហើយ គ្មានសល់អ្វីនោះទេ ៕