ខេត្តកំពង់ចាម គ្រោងដាក់ឲ្យដំណើរការច្រកចេញចូលតែមួយ គ្រប់ក្រុង-ស្រុកទាំង១០ នៅឆ្នាំ២០២០, មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញមន្រ្តីបន្តខំបម្រើសេវាសាធារណៈ ជូនពលរដ្ឋបន្ថែមទៀត


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន បានថ្លែងប្ដេជ្ញាដាក់ឲ្យដំណើរការច្រកចេញចូលតែមួយគ្រប់ក្រុង-ស្រុកទាំង១០ នៅឆ្នាំ២០២០។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងារ របស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ស្របទៅតាមសក្តានុពលរបស់ខេត្ត និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ខេត្តកំពង់ចាម បច្ចុប្បន្នបាននិងកំពុងអនុវត្តការផ្តល់សេវាសាធារណៈតាមរយៈច្រក ចេញចូលតែមួយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងកំពង់ចាម និងស្រុកជើងព្រៃ-ការិយាល័យច្រកចេញចូលតែមួយនៅក្រុងកំពង់ចាម បានចាប់ផ្ដើមដំណើរការពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

តាមឯកឧត្តមអភិបាលខេត្ត នៅក្នុងឆ្នាំ២០១៨ កន្លងមកក្រុងកំពង់ចាម បានទទួលសេវាសរុបចំនួន១៨១៨៦សេវា ទទួលបានប្រាក់ចំណូលចំនួន ១៦៧ ៥២៦ ០០០ រៀល។ នៅស្រុកជើងព្រៃ បានដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ ហើយនៅក្នុងឆ្នាំ២០១៨ កន្លងទៅស្រុកជើងព្រៃ បានទទួលសេវាចំនួន ៥៩៦៧ សេវា ទទួលបាន ប្រាក់ចំណូលចំនួន ៤៣ ៣២១ ០០០ រៀល។

ស្របតាមគោលការណ៍ និងលិខិតណែនាំផ្សេងៗអំពីនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម បានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅអង្គភាព ច្រកចេញចូលតែមួយខេត្ត បានទទួលសេវាសរុបចំនួន១០ ៩៤៦ សេវា ទទួលបានប្រាក់ចំណូលសរុប ៣២៦ ៧៥២ ៧២២ រៀលផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានប្តេជ្ញាដាក់ឲ្យដំណើរការច្រកចេញចូលតែមួយនៅស្រុកចំនួនបីបន្ថែមទៀត នៅឆ្នាំ២០១៩នេះ និងដាក់ឲ្យដំណើរការឲ្យបានគ្រប់ក្រុងស្រុកទាំង១០នៅឆ្នាំ ២០២០។

បើតាមឯកឧត្តមអភិបាលខេត្ត អំពីការទទួលសម្របសម្រួល និងដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ ការិយាល័យប្រជាពលរដ្ឋ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីឥរិយាបទ របស់មន្ត្រីផ្ដល់សេវា ភាពត្រឹមត្រូវនៃកម្រៃសេវា និងការទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨ នេះការិយាល័យ ប្រជាពលរដ្ឋខេត្ត ក្រុងកំពង់ចាម និងស្រុកជើងព្រៃ អនុវត្តបានការិយាល័យប្រជាពលរដ្ឋក្រុងកំពង់ចាម បានទទួល និងដោះស្រាយបណ្ដឹងចំនួន១៥ បណ្ដឹង ការិយាល័យប្រជាពលរដ្ឋស្រុកជើងព្រៃ បានទទួល និងដោះស្រាយបណ្ដឹងចំនួន១៦បណ្ដឹង។ ចំណែកការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម មិនទាន់បានទទួល និង ដោះស្រាយបណ្ដឹងនៅឡើយទេ។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ត្រូវបន្តខិតខំលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបន្ថែមទៀត។ ហើយកិច្ចការនេះស្ថិតនៅក្រោមសមត្ថ កិច្ចរបស់ក្រសួងមហាផ្ទៃផង និងរដ្ឋបាលថ្នាក់ក្រោមជាតិផង ពោលគឺប្រឹងប្រែងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ មានតម្លាភាពគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ ពិសេសការផ្ដល់អត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវ ភៅស្នាក់នៅជាដើម ដែលនេះក៏ជាកត្តាសំខាន់ ដើម្បីផ្ដល់ភាពកក់ក្តៅ និងទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ ហេតុដូច្នេះ យើងត្រូវពង្រឹង និងពង្រីកវិសាល ភាព នៃសេវាបម្រើប្រជារដ្ឋនេះឲ្យបានកាន់តែល្អប្រសើរ ទាំងនៅរាជធានី-ខេត្ត ស្រុក-ខណ្ឌ និងថ្នាក់មូលដ្ឋានឃុំ-សង្កាត់៕