អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តដំណើរការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅច្រាំងទន្លេផ្សារក្រោមអោយបានមុនថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩


កំពង់ឆ្នាំងៈ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលរង
ខេត្តកំពង់ឆ្នាំងបានអោយដឹងនៅល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថាៈ យោងតាមផែនការ៥ឆ្នាំ
(២០១៥-២០១៩) រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវរៀបចំសណ្តាប់ធ្នាប់ច្រាំងទន្លេផ្សារក្រោមអោយមានសោភ័ណភាពល្អដើម្បីទាក់ទាញភ្ញៀវទេស
ចរណ៍ជាតិ និង អន្តរជាតិ មកកំសាន្តនៅខេត្តកំពង់ឆ្នាំងដើម្បីបង្កើនមុខរបបជូនប្រជាពលរដ្ឋអោយកាន់តែមានជីវភាពធូធារថែមទៀតដែលបានមកពីភ្ញៀវទេសចរណ៍។

ឯកឧត្តមបានមានប្រសាសន៍អោយដឹងទៀតថាៈអាជ្ញាធរខេត្តបានរៀបចំទីតាំងថ្មីជូនប្រជាពលរដ្ឋ
២១០គ្រួសារដែលរស់នៅតាមមាត់ទន្លេផ្សារក្រោមទៅរស់នៅទីតាំងថ្មី ដែលអាជ្ញាធរខេត្តរៀបចំជូនស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងហើយប្រជាពលរដ្ឋទាំង២១០គ្រួសារបានស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មីនោះដែលអាជ្ញាធរបានកំណត់ ។
ក្នុងចំណោម២១០គ្រួសារនេះ បានរុះរើទៅនៅទីតាំងថ្មីអស់១៦០គ្រួសារ នៅសល់តែជាង៥០
គ្រួសារទៀតប៉ុណ្ណោះដែលមិនទាន់បានផ្លាស់ទីទៅ ដោយប្រជាពលរដ្ឋពុំមានកម្លាំងរុះរើ ។

ឯកឧត្តម បាន មានប្រសាសន៍បញ្ជាក់ទៀតថាៈ តាមសំណូមពរប្រជាពលរដ្ឋទាំង៥០គ្រួសារដែលខ្វះលទ្ធភាពក្នុងការរុះរើបានសំណូមពរអោយអាជ្ញាធររុះរើ ។ នៅក្នុងរយៈពេល២ថ្ងៃនេះអាជ្ញាធរបានជួយរុះរើជូន ប្រជាពលរដ្ឋនៅតាមច្រាំងទន្លេបាន៥០ភាគរយហើយនៅសល់៥០ភាគរយទៀតកំពុងបន្តដំណើរការអោយចប់មុនថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៩នេះ។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ បានអោយដឹងទៀតថា នៅតាមជួរដងទន្លេនេះ ក្រោយពេលដែលប្រជាពលរដ្ឋរុះរើអស់ហើយនោះ អាជ្ញាធរខេត្តនឹងឈូសឆាយតំបន់នេះអោយរាមស្មើសម្រាប់ ត្រៀមចូលរួមបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ដែលនៅទីតាំងនេះគឺជាកន្លែងប្រណាំងទូកផងដែរ ។

ឯកឧត្តមក៏បានសំណូមពរអោយប្រជាពលរដ្ឋដែលខ្វះកំលាំងនិង ពុំមានលទ្ធភាពរុះរើ មកផ្តល់ព័តមានមកអាជ្ញាធរមូលដ្ឋាន ដើម្បីអាជ្ញាធរប្រមូលកម្លាំងចុះជួយរុះរើអោយបានលឿន ក្នុងការបំលាស់ទីទៅរស់នៅទីតាំងថ្មីនេះ ។