ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្កាត់ជួបថ្នាក់ដឹកនាំស្ថាប័នពិភពលោក ស្វែងរកកាលានុវត្តភាពលើវិស័យដឹកជញ្ជូន


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំស្ថាប័នដឹកជញ្ជូនលើពិភពលោកមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីគោលនបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់ និងស្វែងរកជំនួយលើវិស័យសុវត្ថភាពចរាចរកម្ពុជា ដើម្បីចូលរួមវិភាគទានដល់ការសម្រេចបានគោដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការបណ្តុះបណ្តាលអំពីការរៀបចំចូលរួមនៅក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញាអង្គការសហប្រជាតិនានាពាក់ព័ន្ធការដឹកជញ្ជូនផ្លូវគោគ ផ្លូវដែក និងផ្លូវទឹកសាបដល់មន្រ្តីកម្ពុជា។

ជំនួបនេះបានធ្វើឡើងក្នុងពេលលោកទេសរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោគអង្គការសហប្រជាជាតិលើកទី៨១ ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ថ្នាក់ដឹកនាំស្ថាប័នដឹកជញ្ជូនដែលលោកទេសរដ្ឋមន្ត្រី បានជួបនោះ រួមមាន៖ លោកស្រី Olga Algayerova អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប (UNECE) លោក Kristof Schockaert ប្រធានគណៈកម្មាធិការដឹកជញ្ជូនផ្លូវគោគអង្គការសហប្រជាតិ (ITC) លោក Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិទទួលបន្ទុកសុវត្ថភាពចរាចរ និង លោក Yuwei Li ប្រធាននាយកដ្ឋាននិរន្តរភាពដឹកជញ្ជូននៃអង្គការ UNECE។

ក្នុងជំនួបនេះលោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប, លោក Kristof Schockaert ប្រធាន គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោគអង្គការសហប្រជាតិ, លោក Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិទទួលបន្ទុកសុវត្ថភាពចរាចរ បានសន្យាពិចារណាលើសំណើរបស់លោកទេសរដ្ឋមន្ត្រី ខណៈលោក Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិទទួលបន្ទុកសុវត្ថភាពចរាចរ ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ប្រទេសស្វីស សន្យាអញ្ជើញទៅធ្វើទស្សនកិច្ចនៅកម្ពុជានៅក្នុងពេលខាងមុខ។

លោក ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាផងដែរ ជាមួយលោក Bounchanh Sinthavong រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនឡាវ និងលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃ អំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់មហាអនុតំបន់ទន្លេមេគង្គ (GMS CBTA) ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប។

លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យប្រទេសថៃ ខិតខំពន្លឿនការងារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែន​ តាមផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីការចូលរួមអនុវត្តកម្មវិធីប្រមូលផលដើមដៃ របស់កិច្ចព្រមព្រៀង CBTA៕