គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយផែនការរៀបចំសាងសង់តូបកម្សាន្ត នៅតាមបណ្តោយឆ្នេរអូរឈើទាល


(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការរៀបចំសាងសង់តូបកម្សាន្តនៅតាមបណ្តោយឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក និង ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ និងអាជីវករនៅឆ្នេរអូរឈើទាល១ សរុបប្រមាណ ៦០នាក់។

កិច្ចប្រជុំផ្សព្វផ្សាយបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ អាជីវករទាំងអស់បានឯកភាព និងត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្តើមសាងសង់តូបតាមគម្រូថ្មីនេះ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈដើម្បីរក្សាបាននូវសម្រស់ដ៏ស្រស់ស្អាតនៃឆ្នេរខ្សាច់ក្នុងខេត្តព្រះសីហនុ ស័ក្កិសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងកិត្តិនាមជា «តារារះនាទិសនិរតី» ដើម្បីស្របទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្ត។ អាជីវករប្តេជ្ញាសាងសង់អោយបានរួចរាល់ក្នុងពេលឆាប់ៗ ក្នុងឆ្នាំ២០១៩នេះ។

២៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងសិក្សារៀបចំប្រព័ន្ធលូទឹកសម្អុយ និងទឹកភ្លៀងថ្មីប្រ៉បឆ្នេរ តាមស្តង់ដារបច្ចេកទេស ដោយតភ្ជាប់ទៅនឹងស្ថានីយបូមទឹកកខ្វក់ទី៤ (អតីតអារីស្តុន)។

៣៖ ជំរុញដល់ការកែលម្អបន្ទប់ទឹកសាធារណៈ ចំណតយានយន្ត និងដេប៉ូស្តុកសម្រាមរួមនៅឆ្នេរអូរឈើទាលនេះ។

៤៖ ពង្រឹងការគ្រប់គ្រងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍តាមឆ្នេរ។

គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងកែលម្អឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ កន្លងមករាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាជាសេនាធិការ បានប្រគល់គ្រឿងចក្រសម្អាតឆ្នេរខ្សាច់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអាឡឺម៉ង់ចំនួន02គ្រឿងដល់ខេត្តព្រះសីហនុ និងកំពុងសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួនបួនទីតាំងក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ៕