ឯកឧត្តម សុខ ឥសានថា បេសកកម្មរបស់ក្រុមប្រឆាំង ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យប្រទេសនេះ ដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសកម្ពុជា នឹងបរាជ័យ


(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអះអាងថា បេសកកម្មរបស់ក្រុមប្រឆាំង ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យប្រទេសនេះ ដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសកម្ពុជា នឹងបរាជ័យ។

ការអះអាងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាចបានធ្វើឡើងបន្ទាប់ពី ក្រុមប្រឆាំងត្រៀមធ្វើបេសកកម្មថ្មីមួយ ទៅកាន់សហរដ្ឋអាមេរិក នៅដើមខែមីនាខាងមុខនេះ ក្នុងគោលបំណងញុះញង់ជំរុញឱ្យអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសកម្ពុជា​ ដើម្បីចូលរួមដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យ លោក សម រង្ស៉ី បានចូលប្រទេសដោយគ្មានការជាប់ពន្ធនាគារ។ បេកសកម្មក្រុមប្រឆាំង នឹងដឹកនាំដោយ លោកស្រី មូរ សុខហួរ និង លោក រ៉ុង ឈុន។

ឯកឧត្តម សុខ​ ឥសាន បានហៅគម្រោងការរបស់ក្រុមប្រឆាំងនេះថា ជាគម្រោងការ «បិសាច» ដែលប្រឆាំងចំពោះប្រយោជន៍រួមរបស់កម្ពុជា។

ឯកឧត្តមបានបញ្ជាក់តាមបណ្តាញសង្គម Telegram ឱ្យដឹងថា​ «ដើម្បីបំពេញមហិច្ឆតាចងគំនុំរបស់ខ្លួន ដែលកំពុងបរាជ័យធ្ងន់ធ្ងរ​ ពួកឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិតរត់ចោលស្រុក​ បានរៀបចំគណៈប្រតិភូឯកជនមួយដឹកនាំ ដោយមេព្រាយកន្ទោងខៀវឈ្មោះយាយព្រាយហួរ ដើម្បីធ្វើដំណើរទៅទីក្រុងវ៉ាសុិនតោនឌីសុី សុំឲ្យមេក្លោងខ្លួនជួយវាយបំបែកឆ្នាំងបាយខ្មែរ នៅក្នុងប្រទេស​»

ឯកឧត្តមបានបន្តទៀតថា៖ «ប៉ុន្តែក្នុងការទៅនេះ ​ក្រុមមេព្រាយយាយហួរ មិនបានត្រៀមយកឯកសារអ្វីនៅក្នុងដៃទៅជាមួយឡើយ ដោយសារពួកឧទ្ទាមក្រៅច្បាប់ធ្វើនយោបាយឱកាសនិយម ​បើមានឱកាសវាយក្បិនចូលសភា​ បើមិនបានដូចបំណងទេ រត់ទៅឱបជើងចៅហ្វាយ​ ដែលធ្វើឲ្យមក្លោងជាចៅហ្វាយមិនសប្បាយចិត្តទាល់តែសោះ​។ ដូច្នេះ​ បេសកកម្មរបស់ក្រុមមេព្រាយកន្ទោងខៀវយាយហួរ ដែលគ្រោងសុំចូលជួបគេ នៅថ្ងៃទី១១-១៣​ខែមីនា ២០១៩នោះ​ នឹងមិនទទួលបានផលដូចការគ្រោងទុកឡើយ​»

សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិករបស់លោកប្រធាធិបតី ​ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០៕