អភិបាលខេត្តពោធិ៍សាត់ បានប្រកាសថា ឯកឧត្តមនឹងចំណាយពេលវេលា ចុះមកសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់តែម្តង


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសថា ឯកឧត្តមនឹងចំណាយពេលវេលា ចុះមកសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់តែម្តង ដើម្បីខិតកៀកឲ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋ និងក្នុងនាមជា បង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។

ការប្រកាសរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងនៅសាលាឃុំមេទឹក ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ដីកេរ្តិ៍ ទាំង៩ករណី ដោយបានការចូលរួមពីលោកជំទាវ ជុក សុផានី ទីប្រឹក្សាក្រសួងមហាផ្ទៃ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀត។

សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់រួមមាននំប៉័ងសាច់ និងទឹកសុទ្ធ សម្រាប់ពិសាជួបជុំគ្នា ព្រមទាំងបានប្រគល់ថវិកា និងសារុង ជូនដល់បុគ្គលិកពេទ្យ និងស្ត្រីដែលសម្រាលកូន នៅមណ្ឌលសុខភាពមេទឹក ទៅតាមទម្លាប់។ បន្ថែមក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់កិត្តិយកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អាជីវករ និងលោកគ្រូអ្នកគ្រូ នៅភោជនីយដ្ឋានបូរចំរើន ស្រុកបាកាន ក្នុងស្មារតីស្និទស្នាល ជាលក្ខណៈគ្រួសារផងដែរ៕