ជំនួបទ្វេភាគីជាមួយឥស្សរជន អំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិ


ឆ្លៀតនៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិលើកទី៨១ ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយឥស្សរជនមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីគោលនបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់ និងស្វែងរកជំនួយលើវិស័យសុវត្ថភាពចរាចរកម្ពុជា ដើម្បីចូលរួមវិភាគទានដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជា ការបណ្តុះបណ្តាលអំពីការរៀបចំចូលរួមនៅក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញាអង្គការសហប្រជាតិនានាពាក់ព័ន្ធការដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹកសាប ដល់មន្រ្តីកម្ពុជា។ ឥស្សរជនទាំងនោះ រួមមាន លោកជំទាវ Olga Algayerova អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប (UNECE) ឯកឧត្តម Kristof Schockaert ប្រធានគណៈកម្មាធិការដឹកជញ្ជូនផ្លូវគោគអង្គការសហប្រជាតិ (ITC) ឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិទទួលបន្ទុកសុវត្ថភាពចរាចរ និង លោក Yuwei Li ប្រធាននាយកដ្ឋាននិរន្តរភាពដឹកជញ្ជូននៃអង្គការ UNECE។
ឯកឧត្តមក៏បានជួបពិភាក្សាផងដែរ ជាមួយឯកឧត្តម Bounchanh Sinthavong រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនឡាវ និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ អំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់មហាអនុតំបន់ទន្លេមេគង្គ (GMS CBTA) ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រុញឲ្យព្រះរាជាណាចក្រថៃខិតខំពន្លឿនការងារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនតាមផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីការចូលរួមអនុវត្តកម្មវិធីប្រមូលផលដើមដៃ របស់កិច្ចព្រមព្រៀង CBTA ។
ជាលទ្ធផល លោកជំទាវ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប ឯកឧត្តម Kristof Schockaert ប្រធាន គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាតិ ឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិទទួលបន្ទុកសុវត្ថភាពចរាចរ បានសន្យាពិចារណាលើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការ អង្គការសហប្រជាតិទទួលបន្ទុកសុវត្ថភាពចរាចរ ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ប្រទេស ស្វីស សន្យាថានឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅកម្ពុជា នៅក្នុងពេលខាងមុខ។