ឧបនាយករដ្ឋមន្ដ្រី ​​កែ​ គឹមយ៉ាន​ និងលោកជំទាវ​ បន្ដ​​ជួបសំណេះសំណាល​ និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជន នៅខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ ​​ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ តំណាងរាស្រ្ត​ និងជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី ​ម៉ៅ​ ម៉ាល័យ​ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្ដជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិវត្តន៍ជន​ ដោយមានការ​ចូលរួមពី​សំណាក់ ថ្នាក់ដឹកនាំពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងនិវត្តន៍ជន​ ចំនួនជិត៧០០នាក់​ នៅខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី,​ សម្ដេច​ពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និង​​សម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ផងដែរ។

ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បានថ្លែង​កោតសសើរដល់បងប្អូនជានិវត្តន៍ជនទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់​ បន្សល់ទុកនូវ គំរូវិរភាព​ល្អ​​ៗ សម្រាប់ជាទុនដល់កូនចៅជំនាន់ក្រោយ ពិសេស​បានបន្សល់ទុកនូវស្នាដៃបណ្តុះបណ្តាល នូវផ្នត់គំនិត​សាមគ្គី​ភាព​ ឯកភាពផ្ទៃក្នុង​ កាន់ដៃគ្នាថែរក្សាបាននូវសុខសន្តិភាព​ ព្រមទាំងធ្វើដំណើររួមគ្នាកសាងបាននូវមូលដ្ឋាន​ដែលរីកចម្រើនសម្បូរសប្បាយ។

ជាមួយនឹងការនឹករលឹក​ ជាទ្រនាប់ដៃ​ ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ និងលោកជំទាវ ​ម៉ៅ​ ម៉ាល័យ​ កែ​​គឹមយ៉ាន​ បាន​នាំនូវអំណោយ​ និងថវិកា​​ចែកជូនដល់និវត្តន៍ជន ចំនួន៤០០នាក់​ ម្នាក់ៗទទួលបាន​ មី១កេស​ ប្រេងឆា​១លីត្រ​ សារុង១​ និងថវិកា​​២ម៉ឺនរៀល៕