រដ្ឋមន្ត្រីសុខាភិបាល ស្នើឱ្យមន្ត្រីសុខាភិបាលខេត្តប៉ៃលិន បង្កើនការយកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ


(ប៉ៃលិន)​​៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ថ្នាក់ទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងសហគមន៍ ជាពិសេសត្រូវខិតខំប្រឹងប្រែងបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចគោលដៅ អនុវត្តការងារឆ្នាំ២០១៩។

ការលើកឡើងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោកបាន អញ្ជើញជាអធិបតភាពក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ដែលបានរៀបចំនៅក្នុងសាលប្រជុំសាលាខេត្ត និងមានការចូលរួមពីសំណាក់លោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រី និងបុគ្គលិកសុខាភិបាល ដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេសសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនប្រាក់បៀរវត្សរ៍ ជូនមន្ត្រីរាជការមួយឆ្នាំ២ដង ការផ្តល់ប្រាក់បុរេ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការអនុវត្តអង្គភាពថវិកា ការអនុវត្តនូវគម្រោងលើកទឹកចិត្ត មួយចំនួនដូចជា៖ ការផ្តល់ប្រាក់លាភការបន្ថែម, ប្រាក់ឧបត្ថមឆ្មបបង្កើតកូនរស់, មូលនិធិសមធម៌សុខាភិបាល ក្នុងគោលបំណងធ្វើយ៉ាងណា សំដៅបង្កើនគុណភាព ប្រសិទ្ធភាព នៃសេវាសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាព ចូលមកប្រើប្រាស់សេវាសុខាភិបាល សាធារណៈ ប្រកបដោយសមធម៌ ដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារក និងកុមារ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជម្ងឺឆ្លង និងបន្ថយបន្ទុកជម្ងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យរីកចម្រើន ដូចបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា សម្រាប់ខេត្តប៉ៃលិន វិស័យសុខាភិបាល មានលក្ខណៈល្អប្រសើរ មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ចេះប្រើ ភាពឈ្លាសវៃ និងមានការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តការងារ សម្រេចបានលទ្ធផលល្អ។

អភិបាលរងខេត្ត ក៏បានជំរុញដល់លោក លោកស្រីជាប្រធាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តយកចិត្តទុកដាក់នឹងបង្កើន កិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅការងារ ឆ្នាំ២០១៩នេះ ជូនជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕