រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្តចុះទៅពិនិត្យវឌ្ឍនភាពដំណើរការគម្រោងសំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ


នៅថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្តចុះទៅពិនិត្យវឌ្ឍនភាពដំណើរការគម្រោងសំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ។

បើតាមការរាយការណ៍ពីលោកប្រធានមន្ទីរ និងក្រុមការងារអនុវត្តគម្រោង បានឲ្យដឹងថា គម្រោងសំណង់ទំនប់ទឹកសាលាតាអន ក្រោមហិរញ្ញប្បទាន នៃសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះ បានសម្រេចប្រមាណ២០ភាគរយ ដោយបាននឹងកំពុងដំណើរការងារសំណង់បង្វែរទឹកកាត់ស្ទឹងសង្កែ ការកាយដីតាមពោះព្រែកទាំងបួន (ព្រែកខ្ពប ពែ្រកសំរោងក្នុង ព្រែកដូនទាវ និងព្រែកស្នោរ) និងការរៀបបាតនិងជើងទេរជាបេតុងជាដើម។

ក្នុងឪកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុមការងារអនុវត្តគម្រោង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានរហូតមកដល់ពេលនេះ ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំក្រុមការងារអនុវត្តគម្រោង ត្រូវអនុវត្តការងារតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ឲ្យបានត្រឹមត្រូវដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃគម្រោង គឺ ១. ការបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីរាប់មុឺនហិកតានៅប៉ែកខាងក្រោម ២. ដើម្បីរក្សាស្ថេរភាពទឹកដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ខេត្តបាត់ដំបង និង៣. សម្រាប់លើកកំពស់សោភ័ណ្ឌភាព។