កិច្ចជំនួបពិភាក្សាការងាររវាងរដ្ឋបាលសាលាខេត្តសៀមរាប ជាមួយអង្គការបន្ទាយស្រី


ព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំដែលជាតំណាងមន្ទីរពាក់ព័ន្ធរួមមានមន្ទីរកិច្ចការនារី មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានទទួលជួបពិភាក្សាការងារអំពីគម្រោងដែលកំពុងអនុវត្ត និងការណែនាំខ្លួនរបស់នាយិការប្រតិបត្តិរបស់អង្គការបន្ទាយស្រី។

នៅក្នុងកិច្ចប្រជុំនេះផងដែរ អង្គការបន្ទាយស្រីក៏បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការអនុវត្តគម្រោងកន្លងមក នៅតំបន់គោលដៅក្នុងខេត្តសៀមរាប សរុប០៤ស្រុក មាន២០ឃុំ ស្មើ២៩ភូមិ ក្នុងនោះមាននៅក្នុងស្រុកអង្គរធំ ចំនួន០៤ឃុំស្មើ១៤ភូមិ ស្រុកក្រឡាញ់ ចំនួន០៥ឃុំ ស្រុកពួក៥ឃុំ ស្មើនឹង១៥ភូមិ និងស្រុកប្រាសាទបាគង ចំនួន០៦ឃុំ ។ អង្គការបន្ទាយស្រី ជាអង្គការមិនរដ្ឋាភិបាលមួយ ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីដើម្បីបំលាស់ប្តូរជាវិជ្ជាមាន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្រ្តី និងគ្រួសាររបស់គេ ឲ្យប្រសើរឡើងនូវស្ថានភាព នយោបាយ សេដ្ឋកិច្ច និងចិត្តសាស្រ្តសង្គម ពិសេសដើម្បីឲ្យស្រ្តីដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងតំបន់គោលដៅទទួលបាននូវការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងចីរភាពក្នុងគ្រួសារ សហគមន៍ និងសង្គម។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គការ អំពីការអនុវត្តគម្រោងត្រូវធ្វើយ៉ាងណាឲ្យឆ្លើយតបនឹងតម្រូវការជាមូលដ្ឋាន និងជាយុទ្ធសាស្រ្ត ក្នុងការសហការជាបណ្តាញការងារក្នុងការជួយស្រ្តីជាជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តីឲ្យមានប្រសិទ្ធភាព ដោយអព្យាក្រឹត្យមិនលម្អៀងទៅលើគណបក្សនយោបាយណាមួយឡើយ។ លោកស្រីក៏បានស្នើឲ្យ អង្គការបន្តគាំទ្រលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់។

ជាចុងក្រោយលោកស្រី បានធ្វើកាថ្លែងអំណរគុណចំពោះអង្គការបន្ទាយស្រី ដែលតែងតែសហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាព ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន និងសូមឲ្យបន្តកិច្ចសហការនេះកាន់តែល្អប្រសើរថែមទៀត។