សម្ដេចតេជោ៖ នយោបាយហេដ្ឋារចនាសម្ព័ន្ធនៅតែជានយោបាយ ត្រឹមត្រូវបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ


ខេត្តត្បូងឃ្មុំ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជានៅតែជានយោបាយត្រឹមត្រូវបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យឈានឡើង។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុងប្រវែង ១២០០ គីឡូម៉ែត្រ ក្នុងខេត្តគោលដៅចំនួន១០ ជំហានទី២( ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ ) នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនោះ សម្ដេចតេជោថ្លែងថា ដើម្បីឱ្យកម្ពុជាអាចលូតលាស់ទៅបាន ត្រូវតែខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលការតភ្ជាប់របស់យើងនៅតែមានសារៈសំខាន់។ នយោបាយអាទិភាពបួនយ៉ាង របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ មានមនុស្សទឹកផ្លូវភ្លើង នូវតែផ្ដល់ការវិនិយោគ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបញ្ចប់សង្គ្រាមកសាងសន្តិភាពជារឿងមួយ ឯការស្ថាបនាផ្លូវថ្នល់តាមទីជនបទ ជារឿងដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងការរកស៊ីរបស់បងប្អូន ប្រជាពលរដ្ឋ។
សម្តេចតេជោបានបញ្ជាក់ថា នឹងព្យាយាមស្នើសុំជំនួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
ក្នុងនោះដែរ សម្តេចតេជោ អំពាវនាវឱ្យបងប្អូនទាំងអស់គ្នាចូលរួមថែរក្សា សមិទ្ធផលដែលបានកសាងនេះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយប្រើប្រាស់បន្តទៀត។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន កុំលើសល្បឿនកំណត់ ព្រមទាំងកុំដឹកទំនិញលើសទម្ងន់ជាការបង្ក ឱ្យមានការខូចខាតផ្លូវថ្នល់របស់យើង ចូលរួមថែទាំទាំងអស់គ្នា។
គួរបញ្ជាក់ដែរថា ការកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង បានរួមចំណែកយ៉ាងខ្លាំង ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសបានជួយលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ព្រមទាំងបានរួមចំណែក ក្នុងការបង្ខិតគម្លាតរវាងទីក្រុង និងជនបទ បានមួយចំណែកទៀតផងនោះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តួចផ្តើមសហការជាមួយដៃគូអភិវឌ្ឍន៍នានា បន្តគាំទ្រឱ្យមានគម្រោង កែលម្អផ្លូវជនបទជំហានទី ២ ដោយមានថវិកាសរុប ចំនួន ១៩២,៧១ លានដុល្លារ ដែលក្នុងនោះមាន ហិរញ្ញប្បទានសរុប ១៤២ លានដុល្លារ និង ហិរញ្ញប្បទាន ជាជំនួយឥតសំណង ចំនួន ៣២,៩២ លានដុល្លារ សម្រាប់អនុវត្តន៍ រយៈពេល ៦ ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៥-២០២០។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យ កំពង់ទ្រា ចំនួន២ខ្នង មានកម្ពស់៣ជាន់ ស្មើ៤២បន្ទប់ ទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងបាន ដំឡើងពីកម្រិតអនុវិទ្យាល័យ ដល់ថ្នាក់វិទ្យាល័យ ស្ថិតនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕