ក្រសួងទេសចរណ៍៖ ឆ្នាំ២០១៩នេះ កម្ពុជានឹងមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗបន្ថែមទៀត មកពីចិន ថៃ ហ្វីលីពីន


បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជានឹងមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗបន្ថែមទៀត ដូចជាក្រុមហ៊ុន Air China និងក្រុមហ៊ុន China Express មកពីប្រទេសចិន ក្រុមហ៊ុន Thai Lion មកពីប្រទេសថៃ China Express និងក្រុមហ៊ុន Philippine Airlines មកពីប្រទេសហ្វីលីពីន។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់និស្សិតជ័យលាភីចំនួន ៩២រូប ក្នុងវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation System) តាមប្រព័ន្ធ AMADUS ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់រដ្ឋមន្ត្រី ថោង ខុន នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

ដើម្បីបង្កើនធនធានមនុស្សក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស ដែលបម្រើដល់វិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍ បានសហការជាមួយក្រុមហ៊ុន អេស៊ីអេ ត្រាវែល និងធួរ រៀបចំវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំនួន ២វគ្គ ក្នុងឆ្នាំ២០១៨ លើជំនាញកក់សំបុត្រយន្តហោះតាមប្រព័ន្ធ AMADEUS ស្របតាមស្តង់ដាអាស៊ាន (MRA)។

សិស្ស-និសិ្សតខាងលើ បានឆ្លងកាត់ការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ រយៈពេល២សប្តាហ៍ និងបានចុះកម្មសិក្សាតាមបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក្នុងរាជធានីភ្នំពេញផងដែរ។ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិស្ស-និស្សិតមួយចំនួនកំពុងបម្រើការងារតាមក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ តាមរយៈការជួយស្វែងរកការងារពីក្រុមហ៊ុនអេស៊ីអេ ត្រាវែល និងធួរ។

ការបណ្តុះបណ្តាលជំនាញខាងលើនេះ បានឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ស្របតាមទស្សនទាន «យុវជនម្នាក់ ជំនាញមួយ» ដែលជំរុញដល់យុវជន-យុវនារីទទួលបាននូវជំនាញជាក់លាក់ក្នុងអាជីពការងារ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ នាពេលបច្ចុប្បន្ន និងអនាគត តាមរយៈការមកដល់តាមជើងហោះហើរថ្មីៗបន្ថែមទៀត ចាប់ពីខែមករាឆ្នាំ២០១៩នេះ។

ក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជានឹងមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗបន្ថែមទៀត ដូចជា Air China, Thai Lion, China Express និង Philippine Airlines ដែលនឹងចូលមកសម្រាប់ឆ្នាំ២០១៩»

កន្លងមក កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិចំនួន ៣២៦ជើង តាមអាកាសយានដ្ឋានភ្នំពេញអន្តរជាតិក្នុងមួយថ្ងៃ ក្នុងនោះរួមមាន៖
* អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ១៤៨ជើង/ថ្ងៃ (អន្តជាតិចំនួន ១៣០ជើង និងក្នុងស្រុកចំនួន ១៨ជើង)។
* អាកាសយានដ្ឋានខេត្តសៀមរាប ១៣៦ជើង/ថ្ងៃ (អន្តរជាតិចំនួន ១១០ជើង និងក្នុងស្រុកចំនួន ២៦ជើង)។
* អាកាសយានដ្ឋានខេត្តព្រះសីហនុ ៤២ជើង/ថ្ងៃ (អន្តរជាតិចំនួន ២៨ជើង និងក្នុងស្រុកចំនួន ១៤ជើង)៕