សណ្ឋាគារលំដាប់ពិភពលោកចំនួនបី នឹងបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំនេះ និងឆ្នាំ២០២០ខាងមុខនេះ ដោយសារការរីកចម្រើននៃវិស័យទេសចរណ៍ និងកំនើនវិនិយោគបរទេសមកកម្ពុជា។
សណ្ឋាគារដែលបានបើកដំណើរការរួចហើយនៅឆ្នាំនេះ គឺ COURTYARD BY MARRIYIOTT PHNOM PENH និងសណ្ឋាគារលំដាប់ពិភពលោកចំនួនពីរទៀតនឹងបើកដំណើរនៅឆ្នាំ២០២០ខាងមុខ គឺសណ្ឋាគារ SHANGRI-LA និងសណ្ឋាគារ HYATT REGENCY។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសណ្ឋាគារមានកេរ្ត៍ឈ្មោះល្បីៗលំដាប់ពិភពលោកបានចូលមកកាន់ទីផ្សារ ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ និងការមកដល់នៃអ្នកវិនិយោគធំៗពីអន្តរជាតិ។
អ្នកនាងបន្តថា “វិស័យនេះកំពុងបង្ហាញសញ្ញារីកចម្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកំពស់ និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា វិស័យសណ្ឋាគារនៅកម្ពុជា ពិតជាមានការរីកចម្រើនទាំងបរិមាណនិងគុណភាព ដោយសារការមកដល់នៃភ្ញៀវអន្តរជាតិ និងការប្រកួតប្រជែងកើនឡើង ដែលបានធ្វើឲ្យអ្នកវិនិយោគក្នុងវិស័យនេះ ចាប់ផ្តើមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ហើយនៅពេលមានការប្រកួតកើនឡើង គឺអ្នកទទួលផលជាអតិថិជន។

លោកស្រីបន្តថា “នៅពេលការប្រកួតប្រជែងកើនឡើងកាន់តែខ្លាំង មានន័យថាវិស័យនេះចាប់ផ្តើមរីកចម្រើនហើយ”៕