លោកជំទាវ ភឿង សកុណា បានអញ្ជើញចូលក្រាបថ្វាយបង្គុំព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោនិងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា


ឆ្លៀតក្នុងឱកាសចូលរួមពិធីប្រកាសចូលកាន់មុខដំណែងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានអញ្ជើញចូលក្រាបថ្វាយបង្គុំព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រះអង្គ ជុំ គឹមឡេង ព្រះមេគុណខេត្តសៀមរាបនិងព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម នៅវត្តរាជបូណ៌ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ទូលថ្វាយព្រះសង្ឃនាពេលនោះ ក្នុងនាមជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវបានថ្លែងនូវអំណរគុណដែលព្រះអង្គបានខិតខំចូលរួមក្នុងកិច្ចការថែរក្សាបេតិកភណ្ឌតាមរយៈកិច្ចការវត្តអារាម ជាពិសេសអំពីសេចក្តីសម្រេចព្រះទ័យរបស់ព្រះសង្ឃគង់នៅវត្តលលៃក្នុងការនិមន្តចុះមកគង់នៅបរិវេណខាងក្រោមដើម្បីដំណើរការអភិរក្សខឿនប្រាសាទឲ្យប្រព្រឹត្តទៅបានល្អប្រសើរ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃនិមន្តចុះមកគង់នៅផ្នែកខាងក្រោមខឿនប្រាសាទ អាជ្ញាធរជាតិអប្សរានឹងត្រូវធ្វើការសម្របសម្រួលការងារមួយចំនួនចាំបាច់នានាប្រគេនព្រះសង្ឃ។

លោកជំទាវក៏សម្តែងនូវការគាំទ្រទាំងស្រុងនូវសំណូមពររបស់ព្រះមហាវិមលធម្ម ពិន សែម រៀបចំបង្កើតជាសារមន្ទីក្នុងបរិវេណវត្តរាជបូណ៌តាំងបង្ហាញនូវសមុច្ច័យបុរាណវត្ថុមួយចំនួនដែលព្រះអង្គបានប្រមែប្រមូលតាមខេត្ត ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ សមុច្ច័យដែលត្រូវដាក់តាំងបង្ហាញរួមមានចម្លាក់បដិមាខាងព្រហ្មញ្ញសាសនា ពុទ្ធសាសនា គ្រឿងអលង្ការ គ្រឿងភ្លេង គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ គ្រោងឆ្អឹងមនុស្សបុរាណ និងភាជ៍ធ្វើពីដីដុត ថ្ម កែវ ឆ្អឹងឬស្នែងសត្វ។ល។៕