ភ្នំពេញ៖ កុំព្យូទ័រជាច្រើនគ្រឿងត្រូវបានប្រគល់ជូនវិទ្យាល័យធនធានចំនួន៤៨ ទូទាំង២៥រាជធានី ខេត្ត ដើម្បីបំពេញសេចក្ដីត្រូវការសាលា និងបញ្ជ្រាបចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុសិស្ស ដែលជាចំណេះដឹងដ៏សំខាន់មិនអាចខ្វះបាន ស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនទៅមុខឥតឈប់ឈរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសិក្ខាកាមពី២៥រាជធានីខេត្តសរុប ៩៨នាក់។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើលើកទឹកចិត្តគ្រូបង្រៀនទាំងអស់បង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចេះប្រើប្រាស់កុំព្យូទ័រដើម្បីសម្រួលដល់បង្រៀនផងដែរ៕