សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋ គាំទ្រនិងចូលរួម ការជំរឿនប្រជាជន ចាប់ពីថ្ងៃទី៣-១៣ ខែមីនា


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជំរឿនទូទៅ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងសារអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមគាំទ្រនិងចូលរួម ការធ្វើជំរឿនប្រជាជនទូទៅ នាឆ្នាំ២០១៩នេះ ទាំងអស់គ្នា។

Facebook របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់​ប្រជាជន​ទូទាំងប្រទេស​ សូមគាំទ្រ​ និងចូលរួមក្នុងកិច្ចការ ដ៏​មានសារៈសំខាន់​ ឲ្យបានគ្រប់​ៗ​គ្នា​ ប្រកប​ ដោយ​ក្ដីស្មោះស្ម័គ្រ​ ក្នុងការផ្ដល់ព័ត៌មាន តាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់​ ត្រឹមត្រូវ​ និងសោះត្រង់​ ជូនដល់មន្ត្រី​ជំរឿន​ ដើម្បីជាប្រយោជន៍​របស់បងប្អូន​ជនរួមជាតិ​ និងដើម្បីអនាគតដ៏សម្បូរណ៍​សប្បាយ នៃប្រទេសជាតិ​របស់យើ»។

សម្តេចក្រឡាហោម បានឲ្យដឹងបន្តថា ជំរឿនទូទៅប្រជាជន​នៅទូទាំងប្រទេស​ នឹងប្រព្រឹត្តទៅ​ចាប់​ ពីថ្ងៃទី​០៣​ ដល់​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​ នាពេលឆាប់ៗខាងមុខ​។

នេះជាការធ្វើជំរឿន​ លើកទី៣​ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ ដែលជាទូទៅធ្វើឡើរៀងរាល់​ ១០​ឆ្នាំ​​ម្ដង​ ដើម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ប្រើប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ឲ្យបានត្រឹមត្រូវ​ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាម​ដាន​ត្រួតពិនិត្យ​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ របស់កម្ពុជា​ ២០១៦​-២០៣០​ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ៕