សម្តេចពិជ័យសេនា ទៀ បាញ់ ចេញបទបញ្ជាដាច់ខាតមិនឱ្យយោធា ពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ


សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាតមួយ មិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។

ការដាក់បទបញ្ជារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែកុម្ភៈ និងទិសដៅអនុវត្តខែមីនា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ដែលធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ។

លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាយ៉ាងដាច់ខាតមួយ មិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ»។

លោកនាយឧត្តមសេនីយ៍បានបន្តទៀតថា បើតាមប្រសាសន៍សម្តេចពិជ័យ, ការចូលរួមសកម្មភាពពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ មានតែមន្រ្តីយុត្តិធម៌ ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ។

ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ មាត្រា១ បានកំណត់ថា កងយោធពលខេមរភូមិន្ទ​ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ​ គឺត្រូវរៀបចំប្រើប្រាស់កម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ​ និងដើម្បីផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។​

មាត្រានេះ បានកំណត់ទៀតថា ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ​ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ​ និងជាជំនួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក​ ឬមានអាសន្នមហន្តរាយ។ យោធិនត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្តីភាព និងក្លាហាន ធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ចំពោះជាតិមាតុភូមិ។

បទបញ្ជារបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាឱ្យស៊ើបអង្កេតស្រាវជ្រាវ ចំពោះករណីប្រើប្រាស់កងទ័ព ចូលរួមអនុវត្តសាលដីកាមួយ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីចុងខែមករាកន្លងទៅ បណ្តាលឱ្យមានការប៉ះទង្គិចគ្នា បង្កជាហិង្សាឡើង។ ករណីរកឃើញកំហុសណាមួយ សម្តេចបញ្ជាឱ្យដកមេយោធាប្រចាំខេត្តនេះតែម្តង។

ឯកឧត្តម ឈឹម ផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់នេះថា៖ «ចំណុច ដែលសំខាន់នោះ គឺត្រូវតែមានការស៊ើបអង្កេត ហើយសម្តេចតេជោ ក៏បានផ្តល់នូវការណែនាំទៅ សម្តេចពិជ័យសេនា ត្រូវពិនិត្យអំពី លក្ខណៈដែលកើតមានដោយមេទាហានខេត្ត បើមានបញ្ហាដែលរកឃើញគឺត្រូវតែមានការដកតំណែង»៕