ការធ្វើទំនើបភាវូបនីយកម្មផ្នែករដ្ឋបាល នៃ ប.ស.ស នៅសណ្ឋាគារ សាន់វ៉េ បានបញ្ចប់ហើយ បន្ទាប់ពីសិក្ខាសាលាអស់រយៈពេល២ថ្ងៃកន្លងមក


ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទវគ្គសិក្ខាសាលា ស្តីពី “ការធ្វើទំនើបភាវូបនីយកម្មផ្នែករដ្ឋបាល នៃ ប.ស.ស” នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃ ប.ស.ស និងតំណាងនៃអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណជាង ៣០នាក់ នារសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ថា៖ វគ្គសិក្ខាសាលានេះ គឺពិតជាមានសារៈសំខាន់បំផុតចំពោះគម្រោងនៃការរៀបចំរចនាសម្ព័ន្ធនៃផែនការយុទ្ធសាស្ត្រ ក្នុងការធ្វើទំនើបកម្មនៃប្រតិបត្តិការ និងការគ្រប់គ្រង ដែលជា “គម្រោងនៃការធ្វើទំនើបភាវូបនីយកម្មផ្នែករដ្ឋបាល នៃ ប.ស.ស” ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងទៀតថា៖ ដូច្នេះឆ្លងកាត់វគ្គសិក្ខាសាលាដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃ ប.ស.ស និងតំណាងនៃអង្គការអន្តរជាតិខាងការងារ (ILO) ដែលមានជំនាញពោរពេញទៅដោយបទពិសោធន៍ដ៏ច្រើននាពេលកន្លងមក ឯកឧត្តមមានមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលដែលកើតចេញពីសិក្ខាសាលាដ៏ល្អមួយនេះ ព្រោះថាវាប្រាកដណាស់នឹងធ្វើឱ្យប្រសើរឡើងចំពោះការអនុវត្តការងារនាពេលបច្ចុប្បន្ន ដើម្បីឈានដល់ការទទួលស្គាល់នៅក្នុងតំបន់ និងជាសកលនាពេលអនាគត ។

គួរបញ្ជាក់ផងដែរថា វគ្គសិក្ខាសាលាខាងលើនេះ ប្រព្រឹត្តទៅមានរយៈពេលចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយមានការរៀបចំពីអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោងមូលធិនិរបស់រដ្ឋាភិបាលប្រទេសចិន និងនាយកដ្ឋានសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ ៕