ពិធីបុណ្យទនេ្លនៅខេត្តកំពង់ឆ្នាំង ត្រៀមរួចរាល់រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ


(កំពង់ឆ្នាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ បានស្នើដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំពង្រឹងឱ្យបានម៉ឺងម៉ាត់នូវបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសគឺការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង នៅពេលប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ នៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីត្រួតពិនិត្យការរៀបចំបុណ្យមុន (ចុងក្រោយ)។

ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម ថោង ខុន បានរំលឹកយ៉ាងដូច្នេះថា «សូមស្នើឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការសិក្សាពិនិត្យឱ្យបានដិតដល់ចំពោះបញ្ហសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសគឺបញ្ហាកកស្ទះចរាចរណ៍ធ្វើដំណើររបស់យានយន្ត ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរឆ្លងកាត់ និងមកទស្សនាក្នុងពិធីបុណ្យទន្លេ ខេត្តកំពង់ឆ្នាំង»។ ត្រូវយកចិត្តទុកដាក់ពង្រាយកម្លាំងសមត្ថកិច្ចចរាចរណ៍ និងរថយន្តសង្គ្រោះនៅតាមដងផ្លូវជាតិលេខ៥ ២៤ម៉ោង និងនៅទីតាំងសំខាន់ៗនៃពិធីបុណ្យទន្លេនេះ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកដល់រដ្ឋបាលខេត្ត និងផ្នែកពាក់ព័ន្ធទាំងអស់ បន្តសហការជាមួយសមាគមសិប្បកម្មផលិតក្អម ឆ្នាំង រៀបចំតាំងពិព័រណ៍ឱ្យបានល្អ ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខេត្តឱ្យប្រជាជន និងភ្ញៀវទេសចរបានស្គាល់។ មួយវិញទៀត ត្រូវយកចិត្តជ្រើសរើសបង្ហាញផលិតផលកសិកម្ម សិប្បកម្មដែលផលិតបានក្នុងប្រទេស និងមានលទ្ធភាពនាំចេញឱ្យបានច្រើន។ ត្រូវខិតខំរៀបចំពិព័រណ៍ម្ហូបអាហារឱ្យបានច្រើន ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកទស្សនាក្នុងពិធីបុណ្យទន្លេខាងមុខនេះ។ ត្រូវរៀបចំពិព័រណ៍ម្ហូបអាហារឱ្យបានល្អ ទាំងអនាម័យ ទាំងសេវា និងតម្លៃឱ្យបានសមរម្យ។ ត្រូវចាប់ផ្តើមសាកល្បង វិថីម្ហូមអាហារ Food Street មួយតាមស្តង់ដាដែលទើបបានបង្កើតឡើង ហើយដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបញ្ចូលទៅក្នុងសូចនាករ នៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» ក្នុងពេលថ្មីៗនេះ។

អង្គប្រជុំបានបូកសរុបវាយតម្លៃថា អ្វីៗបានរៀបចំត្រៀមរួចរាល់តាមផែនការណែនាំនៅសល់កិច្ចការតូចតាចខ្លះ ដែលសប្តាហ៍ក្រោយ និងបញ្ចប់ជាស្ថាពរ។

សូមជម្រាបថា បុណ្យទន្លេលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តកំពង់ឆ្នាំង ខាងមុខនោះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី និងក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស៕