មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ កោតសរសើរយោធិននារី ដែលចូលរួមអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ


រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជំទាវ ដាំ ដារីនី បានសម្តែងការកោតសរសើរ ចំពោះយោធិននារីទាំងអស់ នៅគ្រប់អង្គភាពក្រោមចំណុះក្រសួងការពារជាតិ ដែលបានចូលរួមអនុវត្តនូវអភិក្រមទាំង៥ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការសម្តែងការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែលលោកជំទាវ ក្នុងនាមតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទីញ អបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។

កម្មវិធីនេះមានយោធិននារី ចូលរួមចំនួន៥០០នាក់ ព្រមទាំងមានតំណាងគ្រួសារពលី តំណាងក្រសួង ស្ថាប័ន ស៊ីវិល និងមេបញ្ជាការ មេបញ្ជារងកងទ័ពជើងទឹក និងនាយទាហាន នាយទាហានរងមួយចំនួនទៀត។

មានមតិសំណេះសំណាល លោកជំទាវ ដាំ ដារីនី បានថ្លែងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងដើម្បីរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់ស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិ សេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។

លោកជំទាវបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ យោធិននារីគ្រប់រូបដែលកន្លងមកបានបំពេញបេសកកម្មការងារ ប្រកបដោយភាព​អំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យជាតិ សន្តិភាព ការពារបូរណ​ភាព​ទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមបំពេញភារកិច្ចក្នុងកង​កម្លាំរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ សម្រេចបានស្នាដៃ និងលទ្ធផលល្អជាបន្តបន្ទាប់។

លោកជំទាវបានបន្តថា យោធិននារី បានចូលរួមអនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុ​កោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តអភិក្រម៥ចំណុចរបស់ សម្តេចតេជោនាយរដ្ឋមន្ត្រី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវនាពីរ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះដែរ តំណាងគ្រួសារពលី និងយោធិននារី ក៏ទទួលបាន​វត្ថុអនុស្សាវរីយ៍ មួយចំនួនផងដែរ។ បន្ទាប់មកគណប្រតិភូបានចូលរួមជិះនាវាកំសាន្ត ទស្សនា តំបន់ឆ្នេរ និងកោះមួយចំនួននៅក្នុងតំបន់ រាម ខេត្តព្រះសីហនុ៕