ប្រធានបណ្ឌិត្យសភា ជំរុញដល់និស្សិតកម្ពុជា ទៅសិក្សានៅបរទេស ត្រូវចេះបង្កើតក្រុមពិភាក្សា ដើម្បីជាគ្រឹះនៃការកសាងជាតិ នៅថ្ងៃអនាគត


ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលអាហាររូបករណ៍ទៅសិក្សា ជំនាញបច្ចេកទេស នៅប្រទេសចិន ឱ្យខំប្រឹងរៀនពិភាក្សាគ្នាជាក្រុម ជាពិសេសកុំលាក់ចំណេះគ្នា ត្រូវផ្ដល់ជាយោបល់ឱ្យគ្នាទៅវិញមក ដើម្បីជាទំពាំងស្នងឬស្សី និងអាចក្លាយជាគ្រឹះដ៏រឹងមាំ ក្នុងការទ្រទ្រង់ប្រទេសជាតិនាថ្ងៃអនាគត។

ការលើកឡើងរបស់ប្រធានបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបណ្ឌិត អញ្ជើញជាអធិបតីភាព ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត អាហារូបករណ៍ទៅសិក្សាជំនាញបច្ចេកទេសនៅប្រទេសចិន នាទីស្ដីការរាជបណ្ឌិត្យសភា។

ឯកឧត្តម សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា៖ «ការខិតខំមួយទៀតដែលប្អូនត្រូវចង់ចាំ ប្អូនត្រូវតែចងជាសម្ព័ន្ធ អ្នកដែលទៅរៀនជាមួយគ្នា ហើយសាមគ្គីគ្នាកុំលាក់គ្នា ទំលាប់ខ្មែរយើង អាណាចេះជាងគេលាក់អត់ឱ្យអាមួយទៀតដឹងទេ ព្រោះចង់បានលេខ១តែម្នាក់ឯង»

ជាមួយគ្នានេះដែរអតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅបរទេសរូបនេះ ក៏បានលើកឡើងថា ចិនគឺជាប្រទេសមួយដែលពូកែខាងចម្លងពីគេ តែកម្ពុជាក៏ត្រូវតែធ្វើឱ្យបានដូចប្រទេសចិនដែរ ដោយត្រូវមានការសាមគ្គីគ្នា ផ្គុំគ្នាជាថ្លុងមួយ ដោយយកចំណេះដែលចេះរៀងៗខ្លួនមកផ្គួបបញ្ចូលគ្នា ធ្វើការរួមគ្នា នោះកម្ពុជានឹងអាចធ្វើបាន។ ក្នុងឱកាសនោះលោកក៏បានអំពាវ ដល់និស្សិតដែលទៅសិក្សា នៅប្រទេសចិន ត្រូវរៀនយកគំរូរល្អៗពីប្រទេសចិនឱ្យបានច្រើន កុំយកអំពើណាដែលមិនល្អ មកជូនប្រទេសជាតិ។

ចំណែកលោកជំទាវ កែវ មុំ អនុប្រធានសមាគមមូលនិធិ សុខភាពសាធារណៈកម្ពុជា-ចិន បានឱ្យដឹងដែរថា «ការផ្ដល់អាហាររូបករណ៍ ដល់សិស្សនិស្សិតយើង ឱ្យទៅសិក្សានៅប្រទេសចិនគឺដោយសារ តែសង្កេតឃើញថា ប្រទេសកម្ពុជាយើង គឺនៅខ្វះនៅបុគ្គលិកកម្ពុជាជំនាញជាច្រើន ហើយយើងឃើញថា មានអ្នកវិនិយោគជាច្រើនគេចងមកធ្វើការវិនិយោគ នៅប្រទេសកម្ពុជា សូម្បីតែប្រជាជនខ្មែរយើង ដែលចង់បង្កើតឧស្សាហកម្ម ផលិតអ្វីមួយ គឺយើងនៅខ្វះនៅធនធានជំនាញជាច្រើនផងដែរ។ ដូច្នេះហើយទើបលោកស្រី មានទំនាក់ទំនងជាមួយខាងភាគីចិន ស្នើសុំការផ្ដល់អាហាររូបករណ៍ដ៏សិស្ស និស្សិតខ្មែរ ដើម្បីទទួលបានវគ្គបណ្ដុះបណ្ដាជំនាញនេះផងដែរ ដើម្បីត្រឡប់មកវិញ គឺគាត់បានរកចំណូល ជូនក្រុមគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍនៅសេដ្ឋកិច្ចជាតិយើងផងដែរ»

លោកជំទាវបញ្ជាក់ថា វគ្គបណ្ដុះបណ្ដា នេះគឺមានជំនាញជាច្រើនរួមមាន៖ ជំនាញតំឡើងរថយន្ត ជួសជុលរថយន្ត គ្រឿងបន្លាស់ អគ្គិសនី គ្រឿងអេឡិចត្រូនិច និងគ្រូមត្តេយ្យ៕