ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ


(កំពង់ធំ)៖ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី ឲ្យកាន់តែរឹងមាំ និងយូរអង្វែងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា សហការជាមួយអាជ្ញាធរខេត្តកំពង់ធំ បញ្ចុះបឋមសិលាសាងសង់ ស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-ឥណ្ទូនេស៊ីថ្មីមួយកន្លែងទៀត ស្ថិតនៅផ្លូវវៀងច្រមុះជ្រូក ជាប់ផ្លូវជាតិលេខ៦ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្តូបមិត្តភាពកម្ពុជា-ឥណ្តូនេស៊ី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជាបានថ្លែងថា វត្តមាន កងទ័ពរបស់ប្រទេស ឥណ្ឌូនេស៊ីនៅកម្ពុជា មានរយៈពេលជាង២៦ឆ្នាំមកហើយ គឺចាប់ពីសម័យអ៊ុនតាក់ឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ ហើយកងទ័ពឥណ្ឌូនេស៊ី បានឈរជើងនៅក្នុងទឹកដីខេត្តកំពង់ធំ ជាង២០ឆ្នាំហើយដែរ។

ជាងនេះទៅទៀត ឥណ្ឌូនេស៊ី និងកម្ពុជា នៅតែបង្កើនភាពស្និទ្ធស្នាល រឹតចំណងមិត្តភាពយូរអង្វែង ជាពិសេសកងទ័ពឥណ្ឌូនេស៊ី នៅតែបន្តបេសកម្មនៅក្នុងខេត្តកំពង់ធំ គឺដើម្បីរំលឹកដល់វីរភាពកងទ័ព នៃប្រទេសទាំងពីរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានស្វាគមន៍យ៉ាងជិតស្និទ្ធ ចំពោះវត្តមានកងទ័ពប្រទេសឥណ្ឌូនេស៊ីនៅកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានចំណាយពេលវេលា បន្តបេសកម្ម មកជួយការពារសន្តិសុខកម្ពុជា ព្រមទាំងលះបង់កម្លាំងកាយចិត្ត ដើម្បីជួយឲ្យកម្ពុជាមានសុខសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិតែមួយ ដូច្នេះអាជ្ញាធរនៅខេត្តកំពង់ធំ បានឆ្លើយតបទៅនឹងការស្នើសុំរបស់ឯកអគ្គរដ្ឋទូត ប្រទេសឥណ្ឌូនេស៊ី គឺអាជ្ញាធរបានផ្តល់ទីតាំងបញ្ចុះបឋមសិលាសាង់សង់ ស្តូបអនុស្សាវរីយ៍ជាចំណងមិត្តភាព រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ស្តូបមិត្តភាព កម្ពុជា-ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩នេះ ក្រោមការចំណាយរបស់ប្រទេសឥណ្ឌូនេស៊ី ហើយអាជ្ញាធរខេត្ត នឹងជួយកែសម្រួល ធ្វើសួនច្បារ ដាំផ្កា លំអរ នៅចំណុចនេះផងដែរ ដើម្បីឲ្យមានសោភ័ណភាព ស្រស់ ស្អាត សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត ជាពិសេស ផ្តល់ភាពសាកសម្យដល់វិញ្ញាណក្ខន្ធ វីរភាពកងទ័ព នៃប្រទេសទាំងពីរ និងងាយស្រួលដល់បងប្អូន ជនជាតិខ្មែរឥស្លាមធ្វើដំណើរមកគោរពដួងវិញ្ញាណក្ធន្ធផងដែរ៕